បើទោះជាវិទ្យាសាស្រ្តពេទ្យមានការរីកចម្រើនខ្លាំង តែ ជំងឺមហារីក នៅតែជាកង្វល់ធំក្នុងវេជ្ជសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យទាន់ពេល និងព្យាបាលត្រឹមត្រូវ។ ដូច្នេះការយល់ដឹងពី មូលហេតុនិងវិធីការពារគឺមានសារសំខាន់ខ្លាំង។ ខាងក្រោមនេះជាមហារីកទាំង៤ប្រភេទដែលកើតញឹកញាប់លើមនុស្សប្រុស៖
មហារីកសួត
ការជក់បារីគឺជាកត្តាសំខាន់បំផុតដែលបង្កអោយកើតជំងឺមហារីកសួត លើមនុស្សប្រុសវ័យ 55-74។ មូលហេតុផ្សេងទៀតក្រៅពីជក់បារី គឺជាការរងផ្ទាល់នៅជាតិវិទ្យុសកម្មផ្សេងៗ និងផ្សែងពុល។
មហារីកពោះវៀនធំ
កត្តាធាត់ ជក់បារី និងការបរិភោគអាហារមិនល្អដូចជាសាច់ក្រហមច្រើនពេក និងស្រា អាចជះផលប៉ះពាល់ដល់កោសិកាពោះវៀន។ CDC ស្នើអោយមានការស្វែងរក (screening) ជំងឺនេះ លើមនុស្សប្រុសវ័យ៥០ឆ្នាំឡើង ហើយនិងកាន់តែលើកទឹកចិត្ត ប្រសិនបើបុគ្គលណាមានប្រវត្តិគ្រួសារ ធ្លាប់មានមហារីក ដុំសាច់ស្លូតលើពោះវៀន រឺរលាកពោះវៀនរាំរ៉ៃ ។
មហារីកប្លោកនោម
បារី នៅតែជាកត្តាលេខ១ ក្នុងការបង្កអោយមានកោសិកាមហារីកលើប្លោកនោម។ បើអ្នកជាមនុស្សប្រុសវ័យកណ្តាល ហើយជក់បារីជាប្រចាំ ហើយមានការនោមឈាមគួរតែទៅពិគ្រោះរកជំងឺនេះជាបន្ទាន់។
មហារីកស្បែក (melanoma)
បើអ្នកមានប្រជ្រុយច្រើន ហើយធំៗគួរតែឧស្សាហ៍ទៅពិគ្រោះជាមួយពេទ្យស្បែក។ ការលាប sunscreen ការពាររស្មីព្រះអាទិត្យអាចចូលរួមការពារបុរសពីមហារីកប្រភេទនេះបាន។