ភ្នំពេញ៖ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយប្ដីប្រពន្ធដែលមានផ្ទុកវីរុសកូវីដ១៩ នៅសង្កាត់បឹងកេងកង១ ចំនួន ៤០នាក់ លទ្ធផលតេស្តលើសំណាកបង្ហាញថា អ្នកទាំងនោះគឺសុទ្ធតែអវិជ្ជមាន។ នេះបើយោងតាមលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២០ ខែមេសានេះ លោក លី សូវ៉ាន់ បាននិយាយប្រាប់អ្នកសារព័ត៌មានស្ដីពីករណីអ្នកប៉ះពាល់ប្រយោលជាមួយបុរសជាប្ដីជនជាតិកាណាដា និងភរិយាជនជាតិវៀតណាម ដែលមានផ្ទុកមេរោគកូវីដ១៩ ថា ក្រោយមកយើងរកឃើញពន្លឺខ្លះៗ ដោយអ្នកជំងឺមានប្រវតិ្តប៉ះពាល់ជាមួយអ្នកជំងឺចិន និងវៀតណាម ដែលមានវិជ្ជមានកន្លងមក។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ក្រោយការយកសំណាកទៅពិនិត្យ លទ្ធផលបានបង្ហាញថា អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកាដាណា និងភរិយាវៀតណាម នៅខុនដូពីរកន្លែងនៅបឹងកេងកង១ ដែលមានចំនួនជាង ៤០នាក់ លទ្ធផលសុទ្ធតែអវិជ្ជមានទាំងអស់៕ ដោយ៖ តារា