(ភ្នំពេញ)៖ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែមទៀតលើជនជាតិខ្មែរ និងជនជាតិបារាំង ខណៈមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៍មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
អ្នកជំងឺទាំង ២នាក់ ដែលជាសះស្បើយនេះ គឺជាបុរសខ្មែរនៅខេត្តបាត់ដំបង និងជនជាតិបារាំង ១នាក់ ជាភ្ញៀវទេសចរស្នាក់នៅខេត្តព្រះសីហនុ។ ពួកគេទាំង ២ ត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីធ្វើតេស្តអវិជ្ជមាន ២លើក។
ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ១៥នាក់ មានស្តី្រ ៨នាក់ និងបុរស ៧នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ។
មកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១០៧នាក់ រួមមាន ជនជាតិខ្មែរ ៤៤នាក់, ចិន ១នាក់, អង់គ្លេស ៥នាក់, បារាំង ៣៨នាក់, ម៉ាឡេស៊ី ១២នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ១នាក់, វៀតណាម ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕