ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកអាមេរិក Global Hawk បានមកដល់កូរ៉េខាងត្បូងហើយ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងសេអ៊ុល បានបញ្ជាក់ថា ការមកដល់យន្តហោះគ្មានមនុស្ស Global Hawk នេះ គឺជា «ថ្ងៃដ៏អស្ចារ្យ» សម្រាប់សម្ពន្ធមិត្ត ។
ថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ លោក Harry Harris បានផ្សព្វផ្សាយរូបភាពយន្តហោះគ្មានមនុស្សបើកបរ Global Hawk ដោយ បំពាក់ទង់ជាតិកូរ៉េខាងត្បូង និងទង់ជាតិអាមេរិកនៅពីខាងក្រោយ។
លោក Harris មិនបានបញ្ជាក់ថា តើ Global Hawk ប៉ុន្មានគ្រឿងមកដល់កូរ៉េខាងត្បូងនោះឡើយ ។
មុននេះ ប្រភពពីយោធាបានបញ្ជាក់ថា Global Hawks ពីរគ្រឿងបន្ថែមទៀតនឹងមកដល់កូរ៉េខាងត្បូង ក្នុងខែមេសា ឆ្នាំ២០២០ បន្ទាប់ពីការមកដល់កាលពីលើកមុន ក្នុងខែធ្នូ ឆ្នាំ២០១៩ ។
ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១១ រដ្ឋាភិបាលទីក្រុងសេអ៊ុលទិញយន្តហោះ Global Hawks ពីសហរដ្ឋអាមេរិកចំនួន៤គ្រឿង, ដូច្នេះ នៅសល់១គ្រឿង នឹងមកដល់នៅដើមឆមាស ឆ្នាំ២០២០នេះ៕ ប្រែសម្រួលដោយ៖ thach yat