សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានសួរសុខទុក្ខទៅកាន់បងប្អូនជនរួមជាតិ បើទោះបីជាពេលនេះប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី ក៏បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ។
សម្តេចតេជោ ក៏បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំគ្រប់ពេលជំងឺកូវីដ ១៩ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលក្នុងពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត ដែលរហូតមកទល់នឹងពេលនេះ គ្មានថ្នាំលេប ឬ ចាក់ព្យាបាលនៅឡើយទេ។
សម្តេចតេជោ ក៏បានបន្ថែមទៀតថា សូមកុំឱ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឱ្យសោះដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺកូវីដ ១៩ ហើយត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគនេះ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ សុង យូ