ក្លឹបអង់គ្លេស Manchester United បានធ្វើការសម្ដែងដឹងគុណទៅដល់បុគ្គលិកសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ដែលកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩យ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ។ ក្លឹបនេះ បានសម្ដែងការដឹងគុណទៅបុគ្គលិកសុខាភិបាល ដោយបានបំភ្លឺភ្លើងពណ៌ខៀវ នៅមុខទីលាន Old Trafford របស់ខ្លួន ថែមទាំងរំលេចជាមួយនឹងភ្លើងពណ៌ក្រហមលើឈ្មោះក្លឹបរបស់ខ្លួនទៀតផង។
យ៉ាងណាមិញក្លឹបបិសាចក្រហមមួយនេះក៏បានបញ្ជាក់ថា នឹងចូលរួមធ្វើពិធីទះដៃសម្រាប់អ្នកថែទាំសុខភាព (Clap for Carers) ម្ដងទៀតដែលជាកម្មវិធីមួយ ដែលចក្រភពអង់គ្លេស ធ្វើឡើងជារៀងរាល់សប្ដាហ៍ដើម្បីសម្ដែងការអរគុណទៅដល់បុគ្គលិកសុខាភិបាលខ្លួន ក្នុងពេលទប់ស្កាត់ជំងឺឆ្លងនេះ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការដឹងគុណបុគ្គលិកសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ក្លឹបនេះក៏បានជួយបរិច្ចាគជាលុយ របស់ប្រើប្រាស់នានា ក្នុងប្រទេសរបស់ខ្លួនក្នុងពេលមានវិបត្តិជំងឺឆ្លងនេះផងដែរ៕