ក្លឹប Tottenham Hotspur បានទាក់ទងអតីតអ្នកចាត់ការរបស់ខ្លួនគឺលោក Maurico Pochettino អំឡុងវិបត្តិកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។ យោងតាមសារព័ត៌មានដ៏ល្បីរបស់អង់គ្លេសបានឲ្យដឹងថា ខាងក្លឹបបានទាក់ទងលោក Pochettino ដើម្បីទូទាត់កាត់ប្រាក់ខែចំនួនជាង ១០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីសម្រួលដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ លើសពីនេះ ក៏មានរបាយការណ៍លើកឡើងថា ក្លឹបក៏ទាក់ទងអតីតក្រុមការងារគ្រូបង្វឹករបស់លោក Poch ផងដែរ។
ទោះជាបុរសជនជាតិអាហ្សង់ទីនរូបនេះត្រូវបានចែកផ្លូវគ្នាជាមួយក្លឹបកាលពីខែវិច្ឆិកា ឆ្នាំទៅមិញ លោក និងក្រុមការងារនៅតែទទួលបានអត្ថប្រយោជន៍ តាមរយៈកញ្ចប់ទឹកប្រាក់សំណងរឿងផ្ដាច់កុងត្រា។ វិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩នេះ ធ្វើឲ្យក្លឹបជាច្រើនក្នុង Premier League កំពុងតែពិភាក្សាជាមួយក្រុមកីឡាករ និងក្រុមគ្រូបង្វឹក ដើម្បីពិនិត្យលទ្ធភាពក្នុងការកាត់ប្រាក់ខែ ឬ ពន្យារបើកប្រាក់ខែ៕