ប្រទេសសិង្ហបុរី មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងប្រទេសឥណ្ឌូនេស៊ីហើយ ដែលបច្ចុប្បន្ន ប្រទេសតូចមួយនេះ មានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាងគេបំផុត នៅតាមបណ្តារដ្ឋសមាជិកនៅអាស៊ីអាគ្នេយ៍ ក្រោយពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់នៅលើកម្មករបរទេស។
រូបតំណាង
អាជ្ញាធរសិង្ហបុរី បាននិយាយថានៅរសៀលថ្ងៃអាទិត្យនេះ មានករណីឆ្លងចំនួន ៥៩៦ករណីបន្ថែមទៀត ដែលនេះធ្វើឱ្យមានអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេស កើនឡើងដល់ ៦,៥៥៨នាក់។ នៅក្នុងចំណោម អ្នកឆ្លងថ្មីចំនួន ៥៩៦នាក់នោះ មានត្រឹមតែ ២៥នាក់ប៉ុណ្ណោះ ជាប្រជាជនសិង្ហបុរី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ។
រូបតំណាង
គិតចាប់តាំងពីចុងខែមីនាមក ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេរកឃើញថាមានការឆ្លងនូវជំងីផ្លូវដង្ហើមកូរ៉ូណាកើនឡើងយ៉ាងឆាប់រហ័ស ដែលភាគច្រើនកើតលើកម្មករបរទេសស្នាក់នៅក្នុងនិវេសនដ្ឋានតូចចង្អៀត។ រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញនូវវិធានការការចូលក្នុងប្រទេសយ៉ាងតឹងរឹងបំផុត ដោយតម្រូវឱ្យប្រជាជនត្រូវពាក់ម៉ាសពេលចេញក្រៅ រួចថែមទាំងបានចំណាយប្រាក់អស់រាប់ពាន់លានដុល្លារក្នុងការជួយសេដ្ឋកិច្ចជាតិ និងបានបិទព្រំដែនអស់ជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
រូបតំណាង
ជាមួយនឹងតួលេខថ្មីនេះ បានធ្វើឱ្យសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងច្រើនជាងប្រទេសឥណ្ឌូនេស៊ីដែលអ្នកឆ្លងបច្ចុប្បន្នចំនួន ៦,២៤៨នាក់ រួចបន្ទាប់មកប្រទេសហ្វីលីពីនដែលមានអ្នកឆ្លងកូវីដ១៩ ចំនួន៦,០៨៧នាក់៕
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Bangkok Post