យោងតាមគេហទំព័រ CNN បានរាយការណ៍ថាចំពោះការព្រួយបារម្ភនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះបានធ្វើឲ្យប្រទេសមួយចំនួននៅជុំវិញពិភពលោកចេញសេចក្តីប្រកាសនិងហាមមិនឲ្យប្រជាជនរបស់ខ្លួនមានការជួបជុំ និងចេញទៅក្រៅផ្ទះប្រសិនជាមិនចាំបាច់ និងបិទកន្លែងកម្សាន្តនានាដូចជា ក្លិបហាត់ប្រាណ រោងភាគយន្តជាដើម។ នេះដោយសារប្រទេសនីមួយៗកំពុងទប់សា្តត់នៃជំងឺដ៏កាចសាហាវមួយនេះ ទើបតម្រូវឲ្យពួកគេនៅផ្ទះពីមួយថ្ងៃទៅមួយថ្ងៃ និងត្រូវបំពេញការងារ ការសិក្សាតាមអនឡាញជាដើម។
រូបតំណាង
នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការ និងរៀននៅផ្ទះប្រាកដណាស់ថានឹងមានអាម្មរណ៍ធុញទ្រាន់ ដូច្នេះកត្តាចំបងបំផុតដែលអ្នកត្រូវតែធ្វើគឺការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដែលវាពិតជាចាំបាច់សម្រាប់សុខភាព ប្រព័ន្ធភាពស៊ាំ ជួយការពារការឡើងទម្ងន់ និងជួយដល់សុខភាពផ្លូវអារម្មណ៍របស់អ្នកថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែកំណត់គោលដៅ និងពេលវេលាឲ្យបានច្បាស់លាស់យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃដោយធ្វើលំហាត់ប្រាណផ្នែកបេះដូង និងផ្នែកសាច់ដុំត្រង់ដៃ ជើង និងក្បាលពោះជាដើម។
រូបតំណាង
មិនត្រឹមតែប៉ុណ្ណោះក៏មានការសិក្សារបស់អ្នកជំនាញធ្លាប់បានចេញផ្សាយកន្លងមកថា ការអង្គុយធ្វើការច្រើន និងការសិក្សាយូរម៉ោងក្នុងមួយថ្ងៃ អាចប៉ះពាល់ដល់មុខងារប្រព័ន្ធភាពស៊ាំ និងមានហានិភ័យនៃការកើតជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីកជាដើម។ ទោះបីជាអ្នកកំណត់បានត្រឹមត្រូវ ប៉ុន្តែមិនត្រូវធ្វើលំហាត់ប្រាណដល់ហួសកម្រិតនោះទេ ជាពិសេសសម្រាប់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំដែលមិនមានកម្លាំងគ្រប់គ្រាន់ រាងកាយទ្រុឌទ្រោម ឬមានបញ្ហាសុខភាពរួចទៅហើយ ដែលអាចនឹងបញ្ឈប់នូវដំណើរការប្រព័ន្ធភាពស៊ាំជាបណ្តោះអាសន្នផងដែរ។
រូបតំណាង
ទោះបីជាមិនមានឧបករណ៍សម្រាប់ហាត់ប្រាណនៅផ្ទះក៏ដោយ អ្នកអាចជ្រើសរើសវិធីសាស្ត្រមួយប្រភេទទៀតនៅខាងក្រៅផ្ទះ ដោយការរត់ ជិះកង់ឡើងភ្នំ និងដើរជាដើម ដោយវាជួយឱ្យរាងកាយទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យដើម្បីជម្រុញប្រព័ន្ធភាពស៊ាំ និងជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើងទៀតផង។ ប៉ុន្តែមិនត្រូវភ្លេចរក្សាគម្លាតចម្ងាយយ៉ាងតិច ១ ម៉ែត្រពីអ្នកដទៃក្នុងអំឡុងពេលនេះនោះទេ។
រូបតំណាង
គួរបញ្ជាក់ផងដែរថា Ellen Barrett ជាអ្នកជំនាញផ្នែក Yoga ម្នាក់បានណែនាំឱ្យអ្នកគួរតែរៀបចំកន្លែងមួយដែលមានផាសុខភាព និងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណនៅក្នុងផ្ទះ។ ហើយនាងក៏បានបន្ថែមទៀតថាការធ្វើលំហាត់ប្រាណមិនត្រឹមតែមានសារៈសំខាន់សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ក៏អាចជួយបង្កើនការផ្តោតអារម្មណ៍ និងមានប្រសិទ្ធភាពក្នុងការធ្វើការងារ និងរៀនសូត្រផងដែរ៕
ប្រែសម្រួលដោយ៖ Seyha