ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ ដែលស្ថិតនៅក្រោមការគ្រប់គ្រងបានទាំងស្រុង ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងបានបញ្ជាក់ថា លោកពូទីនបានថ្លែងថា ប្រជាជនគ្រប់កម្រិតទាំងអស់ កំពុងតែធ្វើការប្រកបដោយថាមពល, រៀបចំ និងទទួលខុសត្រូវចំពោះវិធីសាស្ត្រប្រយុទ្ធប្រឆាំង ការរាតត្បាតពីវីរុសកូវីដ ១៩ ។ ស្ថានភាពបាននិងកំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ។
លោកពូទីន បានបញ្ជាក់ថា ការរិតបន្តឹងការធ្វើចលនារបស់ប្រជាជន ដែលណែនាំដោយអាជ្ញាធរនោះ គឺជារឿងចាំបាច់បំផុតនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩នេះ ។
លោកបញ្ជាក់ថា អាជ្ញាធររុស្ស៊ីប្រើប្រាស់ធនធានដោយប្រុងប្រយ័ត្នប្រឆាំងជាមួយកូរ៉ូណាវីរុស ឬកូវីដ១៩នេះ, ច្បាស់លាស់ ស្របទៅតាមស្ថានការមាននៅក្នុងដៃ និងសំខាន់បំផុតជួយដល់មនុស្សគ្រប់រូប ។
លោកពូទីន បានបញ្ជាក់ថា «ពិតមែនហើយ វិធានការទាំងឡាយគឺធ្វើឡើងដើម្បីការពារអាយុជីវិត និងសុខភាពប្រជាជន ។ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច តម្រូវឲ្យមានធនធានបន្ថែម ហើយនិងធនធានបម្រុង ។ យើងមានធនធានទាំងនោះ យើងប្រើប្រាស់ដោយប្រុងប្រយ័ត្ន ច្បាស់លាស់ ផ្អែកលើស្ថានការបច្ចុប្បន្ន ហើយទាំងនោះ គឺដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក្រុមគ្រួសារទាំងឡាយនោះដែលកំពុងជួបនូវស្ថានភាពលំបាកនាពេលបច្ចុប្បន្ន» ។
នៅមុននេះ លោកពូទីន បានកោតសរសើរចំពោះកិច្ចខិតខំរបស់ប្រទេសនេះ ប្រយុទ្ធប្រឆាំងការរាតត្បាតពីវីរុស កូវីដ ១៩ ដោយបានថ្លែងថា ប្រទេសនេះបានគ្រប់គ្រងការគំរាមកំហែងពីវីរុសនេះ ខណៈដែលលោកទទួលស្គាល់ថា ចំនួនកូវីដ១៩ថ្មីនៅក្នុងប្រទេសនេះ បន្តកើនឡើង ។
កូវីដ ១៩ នៅក្នុងប្រទេសរុស្ស៊ី មកត្រឹមថ្ងៃទី១៨ ខែមេសា កើនឡើង ៤ ៧៨៥នាក់ ក្នុងនោះបាត់បង់ជីវិត៣១៣នាក់ ៕ ប្រែសម្រួលដោយ៖ thach yat