រាជធានីភ្នំពេញ៖ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានកម្មករ កម្មការិនីប្រមាណជាង១០០០នាក់ដែលបានធ្វើដំណើរទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ហើយត្រូវអាជ្ញាធរ និងសមត្ថកិច្ចគ្រោងនឹងប្រមូលយកមកដាក់ក្នុងវិទ្យាល័យឫស្សីកែវ និងសាលាបឋមសិក្សាឫស្សីកែវ ស្ថិតក្នុងខណ្ឌឫស្សីកែវ ។
សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០នេះ គណៈមេបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយសង្កាត់ ព្រមទាំងក្រុមគ្រូពេទ្យ សាលា និងមន្ត្រីពាក់ព័ន្ធ បានចុះមកត្រួតពិនិត្យ និងធ្វើអនាម័យនៅក្នុងសាលាវិទ្យាល័យឫស្សីកែវ ដោយបានបាញ់ថ្នាំសម្លាប់មេរោគ និងត្រៀមទទួលកម្មករ កម្មការិនីដែលត្រឡប់មកពីស្រុកកំណើត ដើម្បីដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃក្នុងវិទ្យាល័យនោះ។
កិច្ចប្រតិបត្តិការខាងលើនេះ គេឃើញមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ និងមន្ត្រីរបស់ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ និងសហការជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាល័យខាងលើនេះ ដើម្បីត្រៀមរៀបចំទទួលកម្មករ កម្មការិនីដែលត្រឡប់មកពីស្រុកកំណើត ដែលត្រូវប្រមូលនៅព្រឹកថ្ងៃស្អែកនេះ។
នៅព្រឹកថ្ងៃទី១៩ ដដែលនេះ គេឃើញពលករខ្មែរមកពីប្រទេសថៃម្នាក់ ត្រូវបានសមត្ថកិច្ចនាំមកកាន់វិទ្យាល័យខណ្ឌឫស្សីកែវ ដោយសារតែមិនទាន់ចាត់អនុវត្តនោះ ក៏ត្រូវសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរបានណែនាំឱ្យទាក់ទងហៅអាណាព្យាបាលមកទទួលត្រឡប់ទៅលំនៅឋានវិញ រួចក៏បានណែនាំឱ្យអាណាព្យាបាលដាក់ពលរដ្ឋខ្មែរមកពីថៃរូបនេះ ដាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីតាមដានបន្ត៕ ដោយ៖ ប៊ុនធឿន