ភ្នំពេញ៖ ពិតមែនតែពុំរកឃើញករណីកូវីដ១៩ថ្មី ក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។
ជាសញ្ញាល្អមួយដែល ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ កម្ពុជាមិនមានករណីឆ្លងថ្មី ជំងឺកូវី១៩។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹមតែ១២២នាក់ ខណៈដែលអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។
កន្លងទៅថ្មីៗនេះ សម្តចតេជោនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានក្រើនរំលឹកដល់ប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជប់នូវអនាម័យ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងស្ថាប័ន អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជៀសផុតពីជំងឺកូវីដ១៩។ ទោះមានករណីជាសះស្បើយថ្មីកើនឡើង បន្តបន្ទាប់ក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ហានិភ័យនៃជំងឺកូវីដ១៩នេះ នៅខ្ពស់ណាស់។
សូមជម្រាបថា មកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់បន្ធូរដៃ ជុំវិញវិធានការការពារ នឹងទប់ស្កាត់ជំងឺកូវីដ១៩ឡើយ។ ក្នុងនោះ ក្រសួងអប់រំយុវជន និងកីឡា បានបន្តបិទសាលារៀនគ្រប់ កម្រិតទាំងវិស័យរដ្ឋ និងឯកជន ដោយមិនបានបញ្ជាក់ច្បាស់ ពីថ្ងៃចូលរៀនថ្មីនោះទេ។ ក្រៅពីនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចាត់វិធានការ ធ្វើចត្តាឡីស័ក សម្រាប់កម្មករ កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើរចូលមកកាន់រាជធានីភ្នំពេញវិញផងដែរ៕ ដោយ៖ ប៊ុនធឿន