ភ្នំពេញ៖ កូវីដ១៩ មិនមានអ្នកឆ្លងថ្មី៧ថ្ងៃជាប់ៗគ្នា ខណៈលទ្ធផលព្រឹកនេះមានអ្នកជាសះស្បើយថ្មី ២នាក់ទៀត។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកជាសះស្បើយថ្មី ២នាក់នោះគឺស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរណ៍ ដែលស្នាក់នៅបណ្តោះអាសន្ននៅខុនដូកោះពេជ្រ រាជធានីភ្នំពេញ និងម្នាក់ទៀតគឺក្មេងប្រុសខ្មែរ អាយុ១២ឆ្នាំ រស់នៅក្រុងសៀមរាប។
បូកជាមួយអ្នកជាសះស្បើយថ្មី២នាក់នេះទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់ ១០៥នាក់ រីឯអ្នកកំពុងសម្រាកព្យាបាលនៅសល់ ១៧នាក់ ក្នុងចំណោម អ្នកមានកូវីដ១៩សរុបទាំងអស់ ១២២នាក់។
សូមជម្រាបថា អ្នកជាសះស្បើយពីកូវីដ១៩ទាំងអស់ គិតជាភាគរយស្មើរនឹង ៨៦,០៧% បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់៕ ដោយ៖ ប៊ុនធឿន