មហាអំណាចចិន និងអាមេរិកបានមើលមុខគ្នាមិនចំក្នុងបញ្ហាមួយចំនួន ក្នុងនោះរាប់ទាំងបញ្ហាឆ្លងរាតត្បាតពីកូរ៉ូណាវីរុស ឬកូវីដ១៩ ផងដែរ ។ ប៉ុន្មានថ្ងៃនេះ អាមេរិកបានថ្កោលទោសចិនម្តងជាពីរដង ទៅលើសកម្មភាព ដែលអាមេរិកចាត់ទុកថា ជា«អាក្បកិរិយាសម្លុតគំរាមកំហែង» ពាក់ព័ន្ធទៅនឹងបញ្ហាដែនទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ។
(រូបភាព នាគ្រាកន្លងមក)
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AMN ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយថ្កោលទោសខ្លាំងទៅលើយោធារបស់ប្រទេសចិនថា ជាអ្នកមានអាកប្បកិរិយាសម្លុតគំរាមកំហែង នៅសមុទ្រចិនខាងត្បូង ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា បញ្ជាក់ថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ជុំវិញរបាយការណ៍ថ្មីៗនេះស្តីអំពីសកម្មភាពសម្លុតគំរាមកំហែង ម្តងហើយម្តងទៀតរបស់ភាគីចិន ។ ប្រទេសនេះកំពុងមានបំណងរុករកប្រេង និងឧស្ម័ននៅច្រាំងថ្មប៉ប្រះទឹកនៃប្រទេសដទៃផ្សេងទៀត ដែលបានប្រកាសសិទ្ធិកាន់កាប់របស់ពួកគេផងដែរ»។
(រូបភាព នាគ្រាកន្លងមក)
សេចក្តីថ្លែងការណ៍បន្តទៀតថា «នៅក្នុងបរិបទនេះ ប្រទេសចិនគួរតែបញ្ឈប់ឥរិយាបថសម្លុតគំរាមកំហែងរបស់ខ្លួន ហើយចៀសវាងបង្កឲ្យមានសកម្មភាពអស្ថេរភាពនៅក្នុងតំបន់» ។
ប្រភពព័ត៌មានក្នុងតំបន់បានផ្សាយថា នាវាល្បាតរដ្ឋាភិបាលចិនមួយគ្រឿងបានចូលទៅកាន់ទីតាំងនាវាមួយគ្រឿងប្រតិបត្តិដោយក្រុមហ៊ុនរុករកប្រេង Petronas របស់រដ្ឋាភិបាលម៉ាឡេស៊ី នៅដែនទឹកសមុទ្រចិនខាងត្បូង អំឡុងពេលនេះ នាវាក្រុមហ៊ុនម៉ាឡេស៊ីកំពុងបូមប្រេងក្នុងតំបន់ ។
(រូបភាព នាគ្រាកន្លងមក)
កាលពីសប្តាហ៍កន្លងនេះ, យោធាចិនបានធ្វើឲ្យអាមេរិកកាន់តែខឹងសម្បារបន្ថែមទៀតនោះ គឺការធ្វើសមយុទ្ធកងនាវាចរនៅតំបន់សមុទ្រប៉ាស៊ីហ្វីក ។ ទីក្រុងវ៉ាស៊ីនបានថ្កោលទោសការធ្វើសមយុទ្ធនេះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat