Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មករ កម្មការិនីនិយាយអ្វីខ្លះ ចំពោះវិធានការដាក់ឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃបន្ទាប់ពីត្រឡប់ពីចូលឆ្នាំវិញ

ចំណាត់ការឃាត់ខ្លួនកម្មករកម្មការិនី ទុករយៈពេល១៤ថ្ងៃ ឱ្យនៅដាច់ដោយឡែកពីគេ គឺត្រូវបានជ្រួបជ្រាបទៅដល់កម្មករកម្មការិនី ដែលស្ម័គ្រចិត្តបំពេញការងារ ក្នុងរោងចក្រនៅរាជធានីភ្នំពេញ។

ការមិនព្រមដាក់ច្បាប់ឈប់សម្រាក គឹត្រូវបានធ្វើឡើងយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចលើកពេលឈប់សម្រាក សម្រាប់មន្ត្រីរាជការ កម្មករ និងនិយោជិក និយោជក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ដោយមើលឃើញពីការសម្រុកចេញ ទៅកាន់ស្រុកកំណើតរបស់កម្មករកម្មការិនីមួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេចចេញសេចក្តីប្រកាស​មួយ ដោយចាត់វិធានការចក្តាឡីស័កចំពោះកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបាន​ឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំ និងចូលបំរើការងារវិញ។

កម្មករកម្មការិនីនៅតាមរោងចក្រភាគច្រើន មិនព្រមដាក់ច្បាប់ឈប់សម្រាក ព្រោះពួកគេចង់បានអត្ថប្រយោជន៍ពីរ គឺទី១ ស្ម័គ្រចិត្តធ្វើការក្នុងរោងចក្រ ដើម្បីបានទទួលប្រាក់ខែ ទី២ ពួកគេអាចចៀសផុតពីការឆ្លងនូវជំងឺកូវីដ១៩។

ជាមួយគ្នានេះ កម្មការិនី ស្រី ធារី អាយុ២៣ឆ្នាំ បំរើការងារនៅក្នុងរោងចក្រ W&D បានប្រាប់ឱ្យដឹងថា គាត់មិនព្រមដាក់ច្បាប់ឈប់ធ្វើការឡើយ ព្រោះខ្លាចទៅស្រុក​ឆ្លងមេរោគកូវីដ។

ធារីបន្តថា រដ្ឋបាលរោងចក្របានដាក់ការរឹតបណ្តឹងខ្លាំង ទៅលើច្បាប់ឈប់សម្រាក គឺមិនឱ្យប្រាក់ខែអ្នក ដែលឈប់ឡើយ និងទុកឱ្យពួកគេនៅដាច់ដោយ​ឡែក​រយៈ​​ពេល១៤ថ្ងៃថែមទៀត។

ជាមួយគ្នានេះកម្មការិនីធារី បានប្រាប់ថា៖«[នៅរោងចក្រ]គឺគេថាស្រុះគ្នា១៤ថ្ងៃ វាល្អដែរដូចថាខ្លាចឆ្លងទាំងអស់គ្នាហ្នឹង។ ខ្ញុំក៏ខ្លាច[កូវីដ]ដែរ ខ្លាចជំងឺហ្នឹងវារាលដាល»។

ដោយឡែកកម្មការិនី ហេង សំណាង អាយុ២៥ឆ្នាំ បំរើការងារនៅរោងចក្រមីងម៉ាក់បានឱ្យដឹងថា ក្នុងពេលចូលឆ្នាំខ្មែរកម្មករខ្លះយល់ព្រមធ្វើការ ខ្លះទៀតមិនព្រមធ្វើការឡើយ ព្រោះចង់ដាក់ច្បាប់ឈប់សម្រាក។

សំណាងបានបន្តថា រដ្ឋបាលរោងចក្របានដាក់កំហិតថា បើកម្មករដាក់ច្បាប់ទៅស្រុកគឺមិនបើកប្រាក់ខែឱ្យទេ ហើយពេលត្រឡប់មកវិញ គឺត្រូវទុកអោយដាច់ដោយឡែករយៈពេល១៤ថ្ងៃទៀត។

កម្មការិនីរូបនេះបានបញ្ជាក់ថា៖«​គេដាក់វិធានការទប់ស្កាត់ ប៉ុន្តែកម្មករមួយចំនួនមិនយល់ពីការណែនាំរបស់គេ។ ខ្ញុំអត់ចង់ឈប់ទេ ព្រោះនៅធ្វើការបានលុយ ម្យ៉ាងទៀតខ្ញុំមិនដឹងខ្លួនឯងទេថា តើមានឆ្លងជំងឺកូវីដនេះឬអត់ទេ ដូច្នេះខ្ញុំអាណិតកូនៗនៅផ្ទះ បើខ្ញុំឆ្លងហើយទៅផ្ទះ ខ្ញុំខ្លាចឆ្លងដល់ម៉ែ ឱបងប្អូនខ្ញុំ និងកូនរបស់ខ្ញុំផងដែរ»។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរដែនដី ដែលមានសមត្ថកិច្ច ភូមិឃុំសង្កាត់មួយចំនួន នៅរាជធានីភ្នំពេញ បានរៀបចំកន្លែង សម្រាប់ត្រៀមផ្ទុកកម្មករកម្មការិនី ដែលធ្វើដំណើរត្រឡប់ពីស្រុកកំណើត វិញ ទុកឱ្យនៅរយៈពេល១៤ថ្ងៃ៕  ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9144611