ក្រោយការផ្អាកជើងហោះហើរទៅកាន់បណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩នោះមក ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្ដើមដំណើរការជើងហោះហើររបស់ខ្លួនទៅកាន់តំបន់និងប្រទេសមួយចំនួនឡើងវិញ ចាប់ពីថ្ងៃទី២៩ ខែមេសា ខាងមុខនេះ។
យោងតាមបណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានកំណត់ជើងហើរ នៅក្នុងតំបន់ ដោយមានមូលដ្ឋាននៅម៉ាឡេស៊ី នឹងចាប់ផ្ដើមហោះហើរ នៅថ្ងៃទី២៩ ខែមេសា។ នៅថៃ និងហ្វីលីពីន នឹងចាប់ផ្ដើម នៅថ្ងៃទី១ ខែឧសភា , ឥណ្ឌា នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែឧសភា និងនៅឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមនៅថ្ងៃទី៧ ខែឧសភា។
ប្រភពព័ត៌មានដដែល បានបន្ដថា ការកំណត់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នេះក៏មានការបើកសញ្ញាភ្លើងខៀវពីអាជ្ញាធរក្នុងតំបន់។ នេះអាចជាសញ្ញាវិជ្ជមានមួយបង្ហាញពីការថយចុះ នៃការឆ្លងវីរុសកូវីដ១៩ ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា ប្រសិនបើស្ថានការណ៍ នៃការគ្រប់គ្រងវីរុសនេះបានល្អ វិលមករកភាពល្អប្រសើរឡើងវិញ ហើយរដ្ឋាភិបាលនានាបើកព្រំដែនឡើងវិញនោះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងតម្រង់គោលដៅកាន់ពិភពលោកបន្ដទៀត៕ ប្រែសម្រួលដោយ Nuon