Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩រាតត្បាត ធ្វើឲ្យពលរដ្ឋថៃ ជិត១លាននាក់អត់ការងារធ្វើ

ដោយសារតែកូវីដ១៩ រាតត្បាតខ្លាំងពេក នៅក្នុងប្រទេសថៃ ក៏ដូចជា នៅជុំវិញពិភពលោក ទើបធ្វើបណ្ដាក្រុមហ៊ុន និងរោងចក្រជាច្រើនត្រូវបិទទ្វារ ហើយបុគ្គលិក រាប់សែននាក់ នៅក្នុង​ប្រទេសនេះ ត្រូវអត់ការងារធ្វើ ។ នេះបើយោងតាម Thethaiger ។

យោងតាមនាយកដ្ឋានការពារការងារ និងសុខុមាលភាព​ នៃប្រទេសថៃ បានឲ្យដឹងថា ការរាត​ត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ។ បញ្ហានេះ បានធ្វើឲ្យបុគ្គលិក និងកម្មករ រាប់ម៉ឺននាក់ ត្រូវអត់ការងារធ្វើ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើគិតចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពាក់​កណ្ដាលខែមេសា​ ឆ្នាំ២០២០នេះ មានបុគ្គលិក និងនិយោជិត ចំនួន៧សែននាក់ បាន​អត់​ការងារ​​ធ្វើ ហើយត្រូវទទួលជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលថៃ។

លោក Apinya Sujarittanan អគ្គនាយកដ្ឋានការពារការងារ និងសុខុមាលភាព (DLPW) បានថ្លែង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា បេឡាសន្ដិសុខសង្គម ​បានធ្វើកំណត់ត្រា​អំពី​ចំនួនអ្នកអត់ការងារធ្វើ ហើយទទួលបានពីផលប្រយោជន៍នេះ មានរហូតដល់ទៅជាង​៧សែននាក់។ តួលេខ នៃចំនួនអ្នកអត់ការងារធ្វើដ៏ច្រើនបែបនេះ ក៏ដោយសារតែ​ក្រុមហ៊ុន​ព្យួរការងារ និងបញ្ឈប់ពីការងារ ព្រោះតែការរាតត្បាត នៃវីរុសនេះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើគិតពីខែតុលា ឆ្នាំ២០១៩ រហូតមកដល់ខែមីនា ឆ្នាំ​២០២០ មានការបិទអាជីវកម្ម សរុប ៩៩២ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពី​ឆ្នាំ២០១៨ និង២០១៩ មានត្រឹមតែ៥១១ប៉ុណ្ណោះ។ ការបិទអាជីវកម្មខាងលើនេះ ធ្វើឲ្យ​បុគ្គលិក និងកម្មករ រហូតដល់ទៅ ២៧១ ៤៤៦នាក់ រងផលប៉ះពាល់ដោយផ្ទាល់ ហើយអ្នកទាំងនោះ​មិនបានដាក់​ពាក្យបណ្ដឹងទាមទារសំណងទៅកាន់អធិការកិច្ច នៃក្រសួងការងារនោះឡើយ។

ក្រុមហ៊ុនតូយ៉ូតាម៉ូតូថៃ ក៏បានប្រកាសថា ខ្លួននឹងពន្យារពេលផលិតកម្ម រហូតដល់ថ្ងៃទី៣០ ខែមេសា។ រីឯផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកដំណើរការ តាំងពីថ្ងៃទី៧ ខែមេសា មកម៉្លេះ ។ សកម្មភាពនេះ ត្រូវបានធ្វើឡើង ដោយសារការថយចុះ នៃការផលិតគ្រឿង​បន្លាស់រថយន្ត នៅជុំវិញពិភពលោក។

ទោះយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ការពន្យារពេលខ្សែសង្វាក់ផលិតកម្ម នឹងមិនប៉ះពាល់​ដល់​ប្រតិបត្តិការរ​បស់ក្រុមហ៊ុនចែកចាយតូយ៉ូតា ឬឡិចស៊ីសនោះឡើយ។

បើគិតត្រឹមរសៀល ថ្ងៃទី១៨ ខែមេសា​​ ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ កើនឡើង ២៧០០នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ១៦៨៩នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9144299