ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចេញវីដេអូខ្លីមួយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ស្នើសូមបងប្អូនប្រជាពលរដ្ឋ យោគយល់ និងគាំទ្រចំពោះគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ ដោយសារតែដំណើរការសាងសង់នេះ មានបិទផ្លូវ និងច្រកចូលនៅតំបន់មួយចំនួន។
បើតាមលោកឯកអគ្គរាជទូត គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅម្តុំវត្តភ្នំ និងទួលគោក នឹងបញ្ចប់នៅឆ្នាំ២០២១។ លោកទូតថា ម្តុំវត្តភ្នំកំពុងជីកដាក់បំពង់លូជម្រៅ៧ម៉ែត្រក្រោមដី ចំណែកនៅម្តុំមាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកភ្លៀង មានចំនួន៦៥០០ម៉ែត្រគីប នៅរដូវវស្សាទឹកភ្លៀងនឹងហូរតាមបំពង់លូ ហើយចូលទៅក្នុងអាង បន្ទាប់មកនឹងហូរចូលទន្លេ អំឡុងពេលដំណើរការនឹងមានបិទច្រកចូលផ្លូវមួយចំនួន។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ ដោយ៖ ប៊ុនធឿន