ភ្នំពេញ៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ដ្រីសុខាភិបាល និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ថ្នាំពេទ្យមួយកន្លែងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) បានឲ្យដឹងថា ការចុះបង្ក្រាបនេះដោយសារតែទីតាំងនេះលក់ថ្នាំខូចគុណភាព ខុសស្ដង់ដារ ជិតហួសសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ។
មន្ដ្រីរូបនេះបានបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងប្រតិបត្ដិការបង្ក្រាប ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់បានធ្វើការដកហូតថ្នាំខូចគុណភាពចំនួន ១៨មុខ និងចំនួន ១២មុខទៀតមិនទាន់មានកញ្ចប់វេចខ្ចប់ត្រឹមត្រូវ។
ជាមួយគ្នានោះមន្រ្តីជំនាញបានឲ្យដឹងថា រាល់ឱសថស្ដុក និងចែកចាយនៅក្នុងទីតាំងនេះ ពុំបានអនុវត្ដតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលទេ និងធ្វើឲ្យឱសថនោះរក្សាក្នុងទីតាំងដូចជា៖
* ឱសថក្នុងឃ្លាំងមានសីតុណ្ណភាព ២៩អស្សារសេ និងមានសត្វកណ្ដៀរធ្វើសំបុកកេះឱសថជាង ១០០ប្រអប់
* ឱសថដឹកតាមរថយន្ដមានសីតុណ្ណភាព ៣៧អង្សារសេ ចំនួន ១០កេស និង ១៦ប្រអប់
* នៅក្នុងប្រអប់មិនមានការណែនាំរបៀបប្រើជាភាសាខ្មែរ
* រក្សាទុកថ្នាំហួសសុពលភាព និងជិតហួសសុពលភាព
* បញ្ជីការ ៨២មុខ ក្នុងនោះហួសសុពលភាពចំនួន ១៤មុខ
* ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ ពុំមានការដកហូតអ្វីទៀតឡើយ។
សូមជម្រាបថា ទីតាំងលក់ថ្នាំពេទ្យខាងលើនេះមានសហគ្រាសឈ្មោះ វ៉ាយ មេដ (ខេមបូឌា) អាសយដ្ឋាន #២៧ ផ្លូវ ៥BT ភូមិសន្សំកុសល១ សង្កាត់បឹងទំបុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយ ៖ សួង សាម