ភ្នំពេញ៖ ក្នុងករណីកម្មករ និយោជិតណាម្នាក់មិនអនុវត្តតាមកាតព្វកិច្ច ចត្តាឡីស័ក កម្មករនិយោជិតនោះ អាចត្រូវបានបញ្ឈប់ពីការងារដោយមិនមានការទូទាត់អត្ថប្រយោជន៍ ពីនិយោជក់ឡើយ។ នេះបើតាមសេចក្តីណែនាំរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
សេចក្តីណែនាំរបស់ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មាន៧ចំណុច ដែលកម្មករនិយោជិត ត្រូវអនុវត្តតាម ក្នុងនោះមានដូចខាងក្រោម៖
១. បង្ហាញខ្លួននៅតាមរោងចក្រ និងផ្តល់ព័ត៌មានចាំបាច់ជាដាច់ខាត តាមការកំណត់របស់ក្រសួងការងារ ដើម្បីរដ្ឋបាលរោងចក្រចុះវត្តមាន និងសហការអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។
២. ទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំរបស់រដ្ឋបាលរោងចក្រ ស្របតាមការកំណត់របស់អធិការការងារ។
៣. អនុវត្តវិធានការចត្តាឡីស័កនៅតាមមណ្ឌលដែលបានកំណត់ ឬកន្លែងស្នាក់នៅរបស់ខ្លួនរយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រុមគ្រូពេទ្យឬអាជ្ញាធរមានសមត្ថកិច្ច។
៤. រក្សារុកនិងបង្ហាញលិខិតបញ្ជាក់ស្ថានភាពសុខភាពរបស់ខ្លួន ដែលចេញដោយក្រុមគ្រូពេទ្យ ដើម្បីបង្ហាញរដ្ឋបាលរោងចក្រនិងម្ចាស់ផ្ទះជួល។
៥. រាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរស័ព្ទ អំពីស្ថានភាពសុខភាពរបស់ខ្លួនរៀងរាល់ម៉ោង៨ព្រឹក ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍បន្តជូនរដ្ឋបាលគ្រូពេទ្យនៃក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ
៦. ទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ១១៥ ឬលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៩៥៨ ១៧៩ បើមានអាការសង្ស័យណាមួយ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរយៈពេល១៤ថ្ងៃ។
៧. ពាក់ម៉ាស់ជាដាច់ខាតនៅកន្លែងបម្រើការងារ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។ ដោយ៖ ប៊ុនធឿន