អតីតសមាជិក 2NE1 តារាស្រី Minzy បានសរសេរថានាងនឹងចាកចេញពីផលិតកម្ម Music Works ហើយរៀបគោលដៅថ្មីក្នុងជីវិតរបស់នាងក្នុងនាមជាតារាទោលអាជីព។ នេះបើតាមអ្វីដែលនៅក្នុងសេចក្ដីប្រកាសតាមរយៈ Post នៅលើ Twitter។
ក្នុង Post នោះ Minzy សរសេរថា៖ «ខ្ញុំកំពុងចាប់ផ្ដើមអ្វីថ្មី។ ដូចថ្ងៃនេះជាដើម ខ្ញុំត្រៀមចាកចេញពីក្រុមហ៊ុនរបស់ខ្ញុំ ដើម្បីក្លាយខ្លួនជាតារាឯករាជ្យ។ ខ្ញុំបានជ្រើសយកផ្លូវបញ្ចប់ការដេញដោលជាមួយនឹងក្រុមហ៊ុនមួយនេះ ឲ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់អ្នកគាំទ្រ ដែលតែងគាំទ្រខ្ញុំរហូតមក។ ខ្ញុំអន់ចិត្តបន្តិចដែរ ដែលខ្ញុំមិនអាចបង្ហាញអ្វីថ្មីឲ្យបានច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែឥឡូវ ខ្ញុំអាចបង្ហាញអ្នកគ្រប់គ្នានូវអ្វីដែលថ្មី និងល្អប្រសើរចេញពីខ្ញុំខ្លួនឯងផ្ទាល់! អរគុណ»។
គួររំលឹកផងដែរ កាលពីឆ្នាំ ២០១៩ Minzy បានបំពេញបែបបទដាក់ពាក្យបណ្ដឹង ដើម្បីបញ្ចប់កុងត្រារបស់នាងជាមួយនឹងក្រុមហ៊ុន Music Works នេះ។ គួរឲ្យស្ដាយ ពេលនោះនាងត្រូវចាញ់ក្ដីអំឡុងខែធ្នូ ឆ្នាំ២០១៩៕
ប្រភព៖ Koreaboo