ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ១៩មានចំនួនទឹកប្រាក់ ១៣ ៥៩៧ ២៩៥ ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារ បរិក្ខា ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យ ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ នេះបើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែក នៃមន្ត្រី ពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម ព្រឹកថ្ងៃ១៦ មេសា ២០២០នេះ មានចំនួន ១៤ ៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសាធារណៈ។
សម្តេចតេជោបញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ៕ ដោយ៖ ប៊ុនធឿន