បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន ដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាតនោះមក តម្លៃប្រេងចាប់ផ្តើមហក់ឡើងខ្ពស់ភ្លាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
យោងតាមការចេញផ្សាយរបស់ប្រភព រ៉យទ័រ បានបញ្ជាក់ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង៧៥សេន ឬប្រហែល២,៧ភាគរយ គឺ២៨,៥៧ដុល្លារ ក្នុងមួយបារ៉ែល ។ ខណៈនេះដែរ ប្រេងឆៅអាមេរិក សម្រាប់ខែឧសភា ដែលផុតកំណត់ នៅថ្ងៃទី២១ ខែមេសា បានកើនឡើង១សេន ឬ០,១ភាគរយ បានត្រឹម ១៩,៨៨ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងក្នុងពេលអនាគត ខែវិថុនាវិញ កើនឡើងរហូតដល់១,១ដុល្លារឯណោះ ឬស្មើ៤,៣ភាគរយ ដល់ត្រឹម២៦,៦៣ដុល្លារ ក្នុងមួយបារ៉ែល។
ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញគោលការណ៍ ៣ដំណាក់កាល ដើម្បីបញ្ចប់ការចាក់សោ ឬបិទប្រទេស ដើម្បីបញ្ឈប់ការរាតត្បាតវីរុស ដែលសម្លាប់ពលរដ្ឋអាមេរិកជាង ៣២ ០០០នាក់ និងសម្លាប់មនុស្សជិត ១៤០ ០០០ នាក់ នៅជុំវិញពិភពលោក ខណៈប្រទេសដទៃផ្សេងទៀត ក៏បានបន្ធូរបន្ថយការរឹតបន្តឹងនោះខ្លះៗហើយដែរ ។
អ្នកវិភាគផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANADA នៅទីក្រុងញូវយ៉ក បានអះអាងថា តម្លៃប្រេងកំពុងតែកើនឡើង ក្រោយពេលប្រធានាធិបតី ត្រាំ បានដាក់ចេញគោលការណ៍ណែនាំ ស្តីអំពីការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចអាមេរិក ហើយថា ប្រទេសជាតិនឹងមានការបើកឆាប់ៗនេះ លើសពីអ្វីដែលគ្រប់គ្នារំពឹងគិតទុក៕ ប្រែសម្រួលដោយ៖ thach yat