ភ្នំពេញ៖ ស្ថានភាពអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលទាំង២៤រូប គឺមានសុខភាពល្អប្រសើរជាធម្មតា ដោយពុំមានករណីណាមួយមានសញ្ញាថាឈានទៅរកស្ថានភាពធ្ងន់ធ្ងរនោះទេ។ នេះបើយោងតាមលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល។
លោក លី សូវ៉ាន់ បានបញ្ជាក់ប្រាប់ AKP ថា បើទោះជាយើងពុំមានរកឃើញករណីវិជ្ជមានចំនួន ៥ថ្ងៃជាប់ៗគ្នាក៏ដោយ ក៏ខ្ញុំសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋយើងកុំធ្វេសប្រហែសឱ្យសោះ ហើយត្រូវអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដូចជាការរក្សាគម្លាតសុវត្ថិភាព ការសម្អាតដៃដោយសាប៊ូ ឬជែល កាត់បន្ថយការជួបជុំ ឬប្រមូលផ្តុំ និងចៀសវៀងការបម្លាស់ទីដោយពុំមានការចាំបាច់។ល។
លោកសង្កត់ធ្ងន់ធ្ងរថា ព្រោះថាប្រទេសជិតខាងយើង និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកកំពុងបន្តកើនឡើងនៅឡើយនូវវីរុសកូវីដ១៩នេះ ដោយពុំទាន់មានសញ្ញាថមថយនៅឡើយទេ ហេតុដូច្នេះហើយអាចនឹងមានករណីនាំចូលជាយថាហេតុណាមួយចូលមកប្រទេសយើងទៀត។
សូមជម្រាបថា មិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ក្នុងរយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ខណៈចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៩៨នាក់ នេះបើតាមក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ៕ ដោយ៖ តារា