តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយឆ្នាំខាល។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានឧបទ្រពយាយីច្រើនបន្តិចម្ល៉ោះហើយធ្វើឱ្យមានការរាំងស្ទះការងារ និងពិសេសអាចកើតនូវបញ្ហាចម្រូងចម្រាសច្រើន។ ក្រៅពីនេះលោកអ្នកតោងប្រយ័ត្នរឿងរាវខ្លះនាំជួបបញ្ហាលំបាកដល់ខែក្រោយថែមទៀត។ សម្រាប់អ្នកអាជីវករទោះជួញទីជិតឆ្ងាយឃើញថាផលចំណូលដែលខិតខំរកតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជាជម្លោះវិវាទមានតែពាក់មុខយក្សដាក់គ្នា។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីឬប្រកបការងារអ្វីឃើញថាអាចសម្រុកបានហើយពីព្រោះថាផលល្អៗក៏តែងឆ្លើយតមកវិញផង។ការរស់នៅមានភាព ជឿនលឿនទៅមុខ និង កំពុងមានភាពស្រស់ស្រាយគ្រាន់គាប់ប្រសើរជាងមុន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងអំឡុងពេលនេះដែរឃើញថាមានការជឿន លឿនទៅមុខហើយបើចង់បើករបរថ្មីៗផងជាឱកាសល្អប្រពៃណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយហើយបើចង់ផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃ។
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុបបន្តិចពោលគឺមិនល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ នៅថ្ងៃនេះដែរ សម្រាប់លោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នចំណាយប្រាក់ទុនទៅ ហើយរកតែដកដើមមកវិញមិនឃើញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំរឿងរាវដំបៅទ្រូងនៅថ្ងៃខាងមុខ។
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះប្រកបកិច្ចការអ្វីតោងតែចេះមើលមុខក្រោយពីព្រោះ ថាក្រុមមនុស្សចាំតែមើលបំណាំដើម្បីធ្វើការវាយប្រហារតែប៉ុណ្ណោះ។ការរស់នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាជម្លោះផងគប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីនិយាយស្តីទៅកាន់អ្នកដទៃបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅ ក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំនាំគ្នាដើរពាសវាលកាលប្រយ័ត្នជួបរឿងចៃដន្យអាក្រក់ណាមួយកើតឡើង។
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយសំខាន់ទេពីព្រោះថាផលអាក្រក់ងាយយាយីណាស់ដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់ កាសបន្តិចព្រោះងាយជួបបញ្ហាចូលលុកលុយយាយីណាស់ពិសេសក្រុមមនុស្សបន្លំបោកប្រាស់តែម្តង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើលោកអ្នកមានការពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនសូវសម្រេចដូចគាប់បំណងនោះឡើយ។ឆ្លងដល់សប្តាហ៍ក្រោយនេះលោកអ្នកចាំបាច់ត្រូវប្រឹងប្រែងកិច្ចការងារព្រោះថានឹងហុចផ្លែផ្កាល្អមកវិញទៅរួច។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការរីកលូតលាស់ខ្លាំងកាលពីមុនមកពេលនេះចូរប្រយ័ត្នការដើរថយក្រោយរហូតឈានដល់បាក់បែកណាមួយកើតឡើង។
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាតែងហុចជាលទ្ធផលមកវិញគ្រាន់ជាទីពេញចិត្ត។ ថ្ងៃនេះដែរដោយដួងរាសីល្អប្រសើរម្ល៉ោះហើយបើចង់ប្រកប ការងារតូចធំឬការងារដែលសំខាន់តែងសម្រេចជោគជ័យដូចគាប់បំណងផង។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីនៅថ្ងៃនេះដែរមានការលូតលាស់និងផ្អែមល្ហែមប្រពៃគួរសម។
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើទោះធ្វើអ្វីក៏ដោយតែងជួបបញ្ហារាំង ស្ទះនិងមានរឿងរាវយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដោយសារយីអ៊ុនពុំគាប់ប្រសើរម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ ស្ងាត់ទើបប្រសើរ។ការធ្វើដំណើរពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញគួរប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយទទួលរងប៉ះទង្គិចផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងទាស់ទែងសម្តីគ្នាមិនស្ទើរដែរនោះឡើយ។
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឃើញថាជួបបញ្ហាប្រទាំងប្រទើសច្រើនពិសេស ឱ្យប្រយ័ត្នធ្វើច្រើនខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខគ្រាន់បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត។
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសមប៉ុន្តែយ៉ាងណា មិនល្អទាំងអស់ទេគឺមានរឿងរាវខ្លះក៏អាក្រក់ដែរម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងចំពោះ កិច្ចការមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួត ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យដូចគាប់បំណងផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។ការរស់នៅមានភាពសុខដុម និងក្រុមមនុស្សជួយជ្រោម ជ្រែងផងដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយបើ មានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចទេ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕ ប្រភព៖ រស្មីកម្ពុជា