មេដឹកនាំប្រទេសរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសផ្អាកប្រារព្ធពិធីរំលឹកខួប លើកទី៧៥ (៩ ឧសភា ឆ្នាំ១៩៤៥-៩ ឧសភា ឆ្នាំ២០២០) ទិវាជ័យជម្នះទៅលើក្រុមហ្វាស៊ីស អាល្លឺម៉ង់ បញ្ចប់សង្គ្រាមលោកលើកទីពីរ ។
លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំតាមវីដេអូខនហ្វ្រឺរេនថា ពិធីនេះត្រូវបានផ្អាក ដោយសារតែជំងឺរាតត្បាត COVID-19 មាននៅពាសពេញក្នុងប្រទេសរុស្ស៊ី ។ លោកបានថ្លែងថា ហានិភ័យខ្ពស់ពីការរាតត្បាតនេះ មិនទាន់ស្ងប់ស្ងាត់ ឬថយចុះនោះឡើយ ហើយខ្ញុំមិនមានសិទ្ធិនៅក្នុងការរៀបចំធ្វើព្យុហយាត្រា និងពិធីដទៃផ្សេងទៀតទេ ។ លោកបន្ថែមថា ការប្រារព្ធពិធីនេះអាចនឹងធ្វើឡើងនៅឆ្នាំបន្ទាប់ ។
វីរុស COVID-19 នៅរុស្ស៊ី គិតមកត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ប្រភព wikipedia អះអាងថា បានឆ្លងលើមនុស្សសរុប ២៧ ៩៣៨ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣២ នាក់ និង ២ ៣០៤នាក់ ជាសះស្បើយ។ ដោយផ្នែក តំបន់សង្វាក់ផលិតកម្មសេដ្ឋកិច្ចរុស្ស៊ីមួយចំនួន ត្រូវបានផ្អាករហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុស ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ តំណាង ហ្វាស៊ីសអាល្លឺម៉ង់ បានចុះហត្ថលេខាលើកំណត់ហេតុ ចុះចាញ់ដោយឥតលក្ខខ័ណ្ឌជាមួយ កងទ័ពក្រហមសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) ។ ក្រោយមក សូវៀតបានបន្តផ្ដួលរលំកងទ័ព Rōmaji ដ៏ស្ទាត់ជំនាញបំផុតរបស់ជប៉ុន ដោយចាប់បង្ខំឲ្យជប៉ុនទទួលយកការចុះចាញ់ដោយឥតលក្ខខ័ណ្ឌ ។
សង្គ្រាមលោកលើកទីពីរ (ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥) បានបញ្ចប់ជាផ្លូវការ ។ ជ័យជម្នះរបស់កងទ័ពក្រហមសូវៀត និងកងកម្លាំងស្នេហាសន្តិភាពជឿនលឿនលើទូទាំងពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់បំផុត ដែលត្រូវបានចារក្នុងប្រវត្តិសាស្ត្រមនុស្សលោកនាសតវត្សទី២០ ៕ ប្រែសម្រួលដោយ៖ thach yat