សារព័ត៌មានរបស់យោធារុស្ស៊ី Krasnaya Zvezda បានផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានជួបប្រទះយន្តហោះបរទេស២៤គ្រឿង ចូលឈ្លបយកការណ៍ នៅជិតដែនអាកាសរុស្ស៊ី កាលពីសប្តាហ៍មុន ។
ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍នេះ បានផ្សាយទៀតថា យន្តហោះចម្បាំងរុស្ស៊ី មិនត្រូវបានបញ្ចេញទៅបណ្តេញយន្តហោះបរទេសទាំងនោះឡើយ។ ស្ថិតក្នុងអំឡុងពេលនោះ រុស្ស៊ីបានជួបប្រទះនឹងយន្តហោះគ្មានមនុស្សបើក ចំនួន៩គ្រឿង ដែលបាននិងកំពុងប្រតិបត្តិការឈ្លបយកការណ៍ នៅជិតព្រំដែនរុស្ស៊ី ។
ប្រភពព័ត៌មាន Krasnaya Zvezda បានផ្សាយថា កាលពីថ្ងៃទី១០ ខែមេសា យន្តហោះបរទេស ចំនួន២២គ្រឿង បានធ្វើសកម្មភាពឈ្លបយកការណ៍ នៅជិតព្រំដែនអាកាសរុស្ស៊ីកាលពីមួយសប្តាហ៍មុននេះ ។
ប្រភពបញ្ជាក់ថា អាមេរិក ក៏ដូចប្រទេសសម្ពន្ធមិត្តណាតូតែងតែបញ្ជូនយន្តហោះ និងដ្រូន ទៅធ្វើសកម្មភាពយកការណ៍ នៅតាមបន្ទាត់ព្រំដែនរុស្ស៊ី ចំពីលើសមុទ្របាល់ទិក សមុទ្រខ្មៅគ្រីមៀ និង Krasnodar ។ កម្លាំងជើងអាកាសរុស្ស៊ី តែងតែល្បាតជាប្រចាំ និងបានបណ្តេញយន្តហោះទាំងនោះ ចេញឆ្ងាយពីដែនអាកាសរុស្ស៊ី។
ទីក្រុងមូស្គូតែងតែបានថ្កោលទោសអាមេរិក និងណាតូ ដែលហោះហើរយន្តហោះដ្រូន និងយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រធ្វើសមយុទ្ធនៅកៀកព្រំដែនរបស់ខ្លួន ដោយហៅអាកប្បកិរិយាទាំងនោះ ជាការបង្កឲ្យស្ថានការណ៍តានតឹង ៕ ប្រែសម្រួលដោយ៖ thach yat