មន្ទីរការងារខេត្តព្រះសីហនុ ស្នើដល់ម្ចាស់រោងចក្រ សហគ្រាស ដាក់កម្មករដែលវិលត្រឡប់ពីស្រុកកំណើតដោយឡែក ១៤ថ្ងៃ
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ជម្រាបដំណឹងទៅដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ម្ចាស់ផ្ទះជួលក្នុងដែនសមត្ថកិច្ចខេត្ត និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ស្ថានភាពកូវីដ ១៩ ស្ថិតក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ទាំងអស់នេះដើម្បីកុំឱ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលមិនបានគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើតកន្លងមកនេះ។
ដើម្បីបង្ការហានិភ័យនៃការចម្លងវីរុសកូវីដ ១៩ ចំពោះកម្មករ កម្មការិនី ដែលអវត្តមាន និងបានវិលត្រឡប់មកកន្លែងធ្វើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ពួកគាត់វិញនោះ ត្រូវចាត់វិធានការលើបុគ្គលទាំងនោះដោយត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែក (ចត្តាឡឺស័ក) ក្នុងរយៈពេលចំនួន ១៤ថ្ងៃ ជាចាំបាច់ដោយមានការតាមដានគ្រប់គ្រាន់ពីស្ថាប័នពាក់ព័ន្ធ៕ ដោយ ៖ សុង យូ