ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចម៉ូតូបានសម្រេច កាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អៀងស្នា អាយុ ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ ពៅ សុផា អាយុ ២៦ឆ្នាំ មានមុខរបរជាអ្នកបកប្រែ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង ៣និង០០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមេសាឆ្នាំ២០២០ រូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្ដាល 1T-1755 បានមកឈប់មុខម៉ាតសូគីម៉ិច នៅតាមផ្លូវវេងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីចូលទៅម៉ាតទិញទឹកសុទ្ធផឹក ។
ប្រភពព័ត៌មានបានបន្តទៀតថាលុះដល់ពេលម៉ោង ៣និង៣០នាទី ថៃខែឆ្នាំដដែលរូបគេបានចេញពីម៉ាតស្រាប់តែមិនបានឃើញម៉ូតូរបស់ខ្លួនទើបបានដឹងថាបាត់ រួចក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចាត់កម្លាំងឱ្យទៅឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគជនសង្ស័យ រហូតដល់ថ្ងៃទី១៦ ខែឆ្នាំដដែលវេលាម៉ោង ១២និង០០នាទីរសៀល កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យកំពុងតែដើរតាមផ្លូវ៣០ម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានឱ្យបងប្រុសពីរនាក់ទៀតយកទៅលក់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕ ដោយ ៖ សួង សាម