បងប្អូនពលរដ្ឋខ្មែរភាគច្រើន បានចាត់ទុកផ្ទះជាកន្លែងមានសុវត្ថិភាពបំផុត ដើម្បីគេចចេញពីការចម្លងមេរោគកូវីដ១៩ និងសម្រេចចិត្តបោះបង់ចោលនូវគម្រោងជួបជុំគ្នា ផឹកស៊ី រាំច្រៀង ឬធ្វើដំណើរកម្សាន្ត អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល ៣ ថ្ងៃមកនេះ។
ក្រឡេកទៅមើលស្ថានភាពជំងឺកូវីដ ១៩ នាអំឡុងពេលចូលឆ្នាំខ្មែរ ធ្វើឱ្យពលរដ្ឋមួយចំនួនធំ កាន់តែមិនហ៊ានចេញក្រៅផ្ទះ គឺតាមការណែនាំពីរដ្ឋាភិបាល ដោយបងប្អូនខ្មែរភាគច្រើន បានចាត់ទុកការមិនចេញពីផ្ទះ ជាវិធានការល្អបំផុត ដើម្បីរួមទប់ស្កាត់បញ្ហាឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយភាគច្រើន បានរៀបចំសែនទទួលទេវតាឆ្នាំថ្មីបន្តិចបន្តួចនៅតាមផ្ទះរៀងៗខ្លួន។
កន្លងមក អំឡុងពេលពិធីបុណ្យចូលឆ្នាំ គេតែងសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ នាំគ្នាធ្វើដំណើរទៅកាន់រម្យនីដ្ឋាន វត្តអារាម និងស្រុកកំណើតជាដើម ប៉ុន្តែឆ្នាំនេះស្ទើរតែ ១០០% ទៅហើយ បានសម្រេចចិត្តមិនចេញទៅណា ក្រៅពីការស្នាក់នៅក្នុងផ្ទះ ពិសេសក្រោយមានបញ្ជាដាក់កំហិតការធ្វើដំណើរពីរដ្ឋភិបាលផងនោះ។
អ្នកស្រីសុខា ចំរើន អាយុ៤៨ឆ្នាំ រស់នៅខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ដោយសារតែការជួបគ្នា ជាមូលហេតុ ដ៏ធំបំផុតដែលនាំឱ្យយើងអាចឆ្លងនូវជំងឺកូវីដ១៩ ដូច្នេះហើយទើបខ្ញុំមិនហ៊ានទៅស្រុកកំណើតនិងទៅវត្ត។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំនៅតែក្នុងផុ្ទះទេ ព្រោះខ្លាចណាស់ការឆ្លងជំងឺកូវីដ។ ខ្ញុំបានហាមកូនៗរបស់ខ្ញុំមិនឱ្យទៅលេងផ្ទះមិត្តភ័ក្តឬផ្ទះអ្នកជិតខាងនោះទេ ព្រោះយើងមិនដឹងថា តើអ្នកខ្លះអាចកើតមានជំងឺនេះឬអត់ ដូច្នេះហើយការនៅក្នុងផ្ទះគឺជាទីកន្លែងមួយ ដែលមានសុវត្ថិភាពបំផុត»។
បើតាមលោកឃួន តាន់ អនុប្រធានភូមិ៣ នៃសង្កាត់បឹងកេងកង៣មានប្រាប់ឱ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរនៅតំបន់នេះលោកតែងតែដើរប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបង្ការការពារជំងឺនេះ តាមរយៈការធ្វើអនាម័យ និងបើអាចគួរនៅតែក្នុងផ្ទះ។
លោកបញ្ជាក់ថា៖«នៅតំបន់លោកមិនមានភាពអ៊ូអរទេក្នុងពេលបុណ្យចូលឆ្នាំនេះ កាលពីឆ្នាំមុនក្បែរផ្ទះខ្ញុំមានចាក់បាស់រាំច្រៀនសប្បាយស៊ីផឹក ប៉ុន្តែឆ្នាំនេះគឺមិនមានទេ ព្រោះម្នាក់ៗគេសម្ងំនៅតែក្នុងផ្ទះ»។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការរាលដាលការឆ្លងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី ការលើកការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ នៅថ្ងៃទី ១៣ ទី១៤ និងទី១៦ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ ឃួន លក្ខិណា