មណ្ឌលគិរី៖ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី សម្រាប់ប្រចាំតំបន់ភូមិភាគឥសាន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ និងអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានរាជរដ្ឋាភិបាល លើកយកមកសិក្សាហើយ។ នេះបើយោងតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្នុងសិនិ្នសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសទំាងរដ្ឋ និងឯកជន កំពុងសិក្សាពីគម្រោងសាងសង់ព្រលានយន្តហោះ ខេត្តមណ្ឌលគិរីនេះ ដោយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិ ងសម្រេចនៅពេលខាងមុខ។ គម្រោងសិក្សានេះ គឺធ្វើឡើងស្របតាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសទៅតំបន់ភូមិភាគឥសាន្ត។
សូមរម្លឹកថា នៅចន្លោះឆ្នាំ២០១៥-ឆ្នាំ២០២៣ កម្ពុជាគ្រោងចំណាយទៅលើការវិនិយោគវិស័យអាកាសចរណ៍ស៊ីវិល រហូតដល់ជាង ៣ ពាន់លានដុល្លារ ខណៈគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីថ្មីនេះ គ្រោងនឹងចំណាយថវិកាជាង ៦០លានដុល្លារ៕ ដោយ៖ តារា