ក្រុមអ្នកឯកទេសវិស័យសុខាភិបាល នៅលើពិភពលោកទាំងមូល បាននាំគ្នាថ្កោលទោស ដល់ សកម្មភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលផ្អាកផ្ដល់ជំនួយដល់អង្គការសុខភាពពិភពលោក (WHO) ។ បើតាមការលើកឡើងរបស់ក្រុមអ្នកឯកទេសអាមេរិកគួរតែ តម្រង់មុខព្រួញសំដៅទៅកូវីដ-១៩ ទើបជាការល្អ មិនគួរសំដៅទៅលើអង្គការសុខភាពពិភពលោកឡើយ។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៥ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា «យើងពិតជាមានការសោកស្តាយ ចំពោះការសម្រេចបែបនេះរបស់ប្រធានាធិបតីអាមេរិក»។ ក្រៅពីនេះអង្គការអន្តរជាតិនានា ក៏ដូចជា អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសដល់ទង្វើរបស់លោកត្រាំផងដែរ។
សារព័ត៌មានរុស្ស៊ី TASSនៅថ្ងៃទី១៥ ខែមេសា បានផ្សយថា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់ការខិតខំរបស់អង្គការសុខភាពពិភពលោកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ ក្រោយលោក ត្រាំ ប្រកាសលុបជំនួយភ្លាម អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីគាំទ្រទាំងស្រុងដល់យុទ្ធសាស្ត្រប្រឆំាងកូវីដ របស់WHO តាំងពីចុងឆ្នាំ២០១៩ មកទល់ពេលនេះ និងបន្តទៅមុខទៀត។
ក្រៅពីរុស្ស៊ី ក៏នៅមានប្រទេសនៅជុំវិញពិភពលោក បានបង្ហាញការគាំទ្រដល់ស្ថាប័នកំពូល ស្តីពីសុខភាពមួយនេះផងដែរ ព្រោះរយៈពេលកន្លងមក WHO បានជួយដល់មនុស្សជាច្រើន ឲ្យមានសុខភាពល្អ រួចផុតពីជំងឺរាតត្បាតផ្សេងៗ។
រដ្ឋាភិបានចិន មិនបានវិភាគអ្វីច្រើននោះឡើយ ដោយគ្រាន់តែលើកឡើងថា អាមេរិក មិនគួរធ្វើបែបនេះឡើយ ក្នុងពេលកំពុងមានវិបត្តិបែបនេះ។
មនុស្សមួយចំនួនបានលើកឡើងថា អាមេរិកមិនសមជាបិតាពិភពលោកឡើយ ព្រោះនៅពេលអង្គការសុខភាពពិភពលោក ប្រឈមនឹងកង្វះថវិកាសម្រាប់ទប់ស្កាត់កូវីដ១៩ តែបែរជា អាមេរិក ឈប់ជួយទៅវិញ។ នៅថ្ងៃក្រោយ ពេលកូវីដ១៩រលាយបាត់ទៅ បើទោះជាអាមេរិក ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ក៏គ្មានន័យដែរ៕ ប្រែសម្រួលដោយ៖MEO