Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្នាក់ដឹកនាំអាស៊ានបង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ

​ ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលបំណងពង្រឹងភាពរឹងមាំ និងនិរន្តរភាពនៃសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសលើការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងផលិតផលចាំបាច់នានា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងបរិការណ៍នេះ ថ្នាក់ដឹកនាំអាស៊ានក៏បានចាត់ឱ្យរដ្ឋមន្រ្តី និងឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ស្វះស្វែងរកវិធានការចាំបាច់នានា ដើម្បីរក្សាការតភ្ជាប់សង្វាក់ផ្គត់ផ្គង់ ការធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់ការដាក់កំហិតដែលមិនចាំបាច់នានា លើលំហូរស្បៀងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងផលិតផលចាំបាច់នានា។

សេចក្ដីប្រកាសបន្ដថា ថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រចំពោះការរៀបចំឡើងវិញនូវប្រាក់មូលនិធិនានាដែលមានស្រាប់ និងលើកទឹកចិត្ដដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអាស៊ាន ដើម្បីសម្របសម្រួល កិច្ចសហប្រតិបត្ដិការប្រឆាំងជំងឺកូវីដ-១៩ ដោយរួមទាំងសំណើបង្កើតមូលនិធិឆ្លើយតបបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ ដើម្បីដោះស្រាយនូវកង្វះខាតសម្ភារវេជ្ជសាស្រ្ដ ការគាំទ្រលើការស្រាវជ្រាវ និងការអភិវឌ្ឍនៃឱសថនិងវ៉ាក់សាំង ព្រមទាំងការត្រៀមរៀបចំឆ្លើយតបបន្ទាន់នាពេលអនាគត។ ឈរលើស្មារតីនេះ ថ្នាក់ដឹកនាំអាស៊ាន បានស្នើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រួតពិនិត្យមើលលើកិច្ចប្រឹងប្រែងសម្របសម្រួលនានារបស់អាស៊ានដែលឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមទៅលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងរាយការណ៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំអាស៊ាន អមជាមួយនឹងអនុសាសន៍សមស្របផ្សេងៗ សម្រាប់ការណែនាំបន្ថែមទៀត។ ប្រភពបន្ដថា ថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់សម្រាប់អាស៊ានក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅ រួមមានដៃគូសន្ទនាអាស៊ាន អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិនានា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ បញ្ឈប់ និងគ្រប់គ្រងការឆ្លងជំងឺនេះ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹង និងការបន្តប្រើប្រាស់យន្តការថ្នាក់តំបន់ និងអន្តរជាតិ ដែលមានស្រាប់ ដើម្បីសហការ និងសម្របសម្រួលក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈនេះ។ ក្នុងឱកាសកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីអាទិភាពមួយចំនួន ដូចជា៖(១)គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការផ្គត់ផ្គង់បរិក្ខាពេទ្យ (២)មិនត្រូវអនុវត្តវិធានការឯកតោភាគី ដែលអាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន និងសកម្មភាពសេដ្ឋកិច្ចនានា (៣)គាំទ្រ «វប្បធម៌ចែករំលែក» ដើម្បីជួយកាត់បន្ថយសម្ពាធការចំណាយ របស់រដ្ឋាភិបាល (៤)ជៀសវាងការរើសអើងជាតិសាសន៍ ការចោទប្រកាន់ និងការស្តីបន្ទោស (៥)ជួយប្រជាជនអាស៊ាន ដែលបានជាប់គាំងដោយសារវិបត្តិនេះ និង(៦)ពិចារណាតើត្រូវស្តារសេដ្ឋកិច្ចដោយវិធីណា នៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់ ។ សូមបញ្ជាក់ថា ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានបានជួបគ្នាជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីវិធានការដែលអាស៊ាន អាចធ្វើការរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់៕

from: https://tnaot.com/km/m/detail/article/9139539