ពលរដ្ឋអាមេរិករាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅមុខអគាររដ្ឋាភិបាល ក្នុងរដ្ឋ Michigan នាថ្ងៃទី១៦ ខែមេសានេះ ដើម្បីប្រឆាំងរដ្ឋាភិបាល ដែលអនុវត្តច្បាប់បម្រាមគោចរទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។
ពលរដ្ឋប្រមាណ៤ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយលើកស្លាកបដាប្រឆាំង អភិបាលរដ្ឋ Michiganលោកស្រី Gretchen Whitmer ដែលបានពន្យល់ពេលដាក់រដ្ឋក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមេសា។ ពលរដ្ឋនៅក្នុងរដ្ឋនេះគឺត្រូវនៅក្នុងផ្ទះជាបន្តទៀត ហើយបណ្តាក្រុមហ៊ុននៅតែបន្តបិទទ្វារដដែល។
សារព័ត៌មាន AP នៅថ្ងៃទី១៦ ខែមេសា បានផ្សាយថា លោកស្រី Gretchen Whitmer បានទទួលស្គាល់ថា សេដ្ឋកិច្ចក្នុងរដ្ននេះ បន្តរងការខាតបង់យ៉ាងខ្លាំង ប៉ុន្តែការប្រយុទ្ធប្រឆំាងកូវីដ-១៩ ជារឿងសំខាន់ជាង ជាការការពារអាយុជីវិតពលរដ្ឋទាំងអស់។
នៅក្នុងរដ្ឋនេះ មានពលរដ្ឋប្រមាណ២ពាន់នាក់ស្លាប់ដោយកូវីដ-១៩ ហើយមន្ទីរពេទ្យជាច្រើនពោរពេញទៅដោយអ្នកជំងឺ។ នៅក្នុងបាតុកម្មនោះពលរដ្ឋបានទាមទារសិទ្ធិសេរីភាព ។ ក្រុមអ្នកជំនាញបានលើកឡើងថា ពិតជារឿងគ្រោះថ្នាក់ណាស់ ដោយសារតែបាតុករមិនបានពាក់ម៉ាស់ការពារ ហើយវាអាចនឹងមានអ្នកឆ្លងច្រើនទៀត៕ ប្រែសម្រួលដោយ៖ MEO