ថ្មីៗនេះ នេន ទុំ បានរួមគ្នាជាមួយលោក ប៉ែន ចំរុង ចេញបទចម្រៀងមួយបទមានចំណងជើងថា “The Voice ភូមិខ្ញុំ” ដែលជាការរៀបរាប់ការពិតមួយចំនួនរឿងនៅតាមស្រុកភូមិ ក៏ដូចជាមូលដ្ឋានរស់នៅនានាចាក់ធុងបាស។
យ៉ាងណាមិញការច្រៀងតាមផ្ទះនេះពិតជាមានការពេញនិយមណាស់ ហើយយើងពិតជាឃើញមានការរអ៊ូរទាំ ក៏ដូចជាត្អូញត្អែរពីអ្នកក្បែរខាងគ្នាជាបន្តបន្ទាប់ ហើយក៏មានការបង្ហោះជាហូរហែនៅលើបណ្ដាញសង្គម រហូតក៏ឃើញមានការប្ដឹងផ្ដល់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ហៅទៅអប់រំដែរ។
ដោយមើលឃើញថាវាជារឿងដែលគ្រប់គ្នាកំពុងជួប ឥឡូវនេះ សាច់រឿងទាំងនោះ ត្រូវបានយកមកដាក់ក្នុងបទចម្រៀង “The Voice ភូមិខ្ញុំ” របស់តារាប្រុស ២ដួងខាងលើច្រៀងបាញ់ចំៗឲ្យតារាចម្រៀងប្រចាំភូមិតែម្ដង។
ក្នុងចម្រៀងនេះបានត្អូញត្អែរពីអ្នកជិតខាងមួយចំនួនតូច ដែលមួយថ្ងៃៗ មិនសូវឃើញប្រកបកិច្ចការរកស៊ីអ្វីទេ ឃើញតែជុំគ្នាផឹកស៊ី ហើយច្រៀងធុងបាសមិនលស់ថ្ងៃ ដោយគ្មានក្រែងចិត្តអ្នករស់នៅជិតខ្លួន ជួបការលំបាកយ៉ាងណាដោយសារសំឡេងច្រៀងទាំងឡាយរបស់ខ្លួនឡើយ។ លើសពីនេះច្រៀងស្ដាប់មិនបានទៀត ភ្លេងទៅដោយភ្លេង អ្នកច្រៀងទៅដោយអ្នកច្រៀងទៀតផង៕
អត្ថបទ៖ ផេង ផលធិតា