ក្រសួងសុខាភិបាលប្រទេសបារាំង កាលពីទី១៥ ខែមេសា បានប្រកាសថា ចំនួនពលរដ្ឋបាត់បង់ជីវិត ដោយសារតែ COVID-19 នៅក្នុងប្រទេសនេះ បានកើនឡើងដល់ចំណុចកំពូល។
ប្រភព france24 អះអាងថា ក្រសួងសុខាភិបាលបារាំង បញ្ជាក់ថា អ្នកបាត់បង់ជីវិតកើនឡើង ១ ៤៣៨ នាក់ ក្នុងរយៈពេល២៤ម៉ោង។ ការកើនឡើងនេះ ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 កើនសរុប ១៧ ១៦៧ នាក់ នៅប្រទេសបារាំង។
មន្ត្រីក្រសួងសុខាភិបាលប្រទេសបារាំង Jerome Salomon បានថ្លែងថា ការឆ្លងរាតត្បាតនៅក្នុងប្រទេស ហាក់នៅតែមានចំនួនខ្ពស់ ។ ដូច្នេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋបារាំងត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ចាក់សោ ឬបិទប្រទេសរបស់រដ្ឋាភិបាល។
លោកថា តួលេខបានកើនឡើង បន្ទាប់ពីពិធីបុណ្យបីថ្ងៃ កាលពីចុងសប្តាហ៍មុន គឺពិធីបុណ្យ Easter ។
គួរបញ្ជាក់ថា វីរុស COVID-19 រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឆ្លងពាសពេញពិភពលោក នៅលើ ដែនដី និងប្រទេស សរុប២៣៤ ។ វាបានឆ្លងលើមនុស្សសរុប ២ ០៥៦ ០៥៥ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៣៣ ៥៧២ នាក់ និង ៥១១ ០១៩ នាក់ជាសះស្បើយ ។
បើយោងតាមប្រភព Wikipedia បន្តទៀតថា សហរដ្ឋអាមេរិក ជាប្រទេសមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបំផុត គឺមានអ្នកឆ្លង៦៤១ ៧២៦ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨ ៣៩០ នាក់ និង ៥២ ១៩៦នាក់ ជាសះស្បើយ ។ ចំណែកបារាំងវិញ មានអ្នកឆ្លង COVID-19 សរុប ១០៦ ២០៦ នាក់ ក្នុងនោះបាត់បង់ជីវិត ១៧ ១៦៧ នាក់ និងជាសះស្បើយ ៣០ ៩៥៥នាក់ ។
ប្រទេសបារាំងរងគ្រោះ ដោយជំងឺរាតត្បាតនេះ ស្ថិតក្នុងលំដាប់ទី៥ នៃតារាងមានអ្នកឆ្លងច្រើន នៅលើពិភពលោក គឺបន្ទាប់ពីអាមេរិក, អេស្ប៉ាញ, អ៊ីតាលី និងអាល្លឺម៉ង់ ៕ ប្រែសម្រួលដោយ៖ thach yat