ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃច័ន្ទបានពន្យារពេលការបិទប្រទេសបារាំងដោយសារតែជំងឺរាតត្បាតវីរុស Covid-19 ឆ្លងរាលដាលដោយហាមឃាត់រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់រហូតដល់ពាក់កណ្តាលខែកក្កដា។
នេះជាការបាត់បង់ក្តីសង្ឃឹមរបស់អ្នករៀបចំកម្មវិធីមហោស្រពភាពយន្តកាន (Cannes) កាលពីខែមុនពួកគេបាននិយាយថានឹងមានបំណងរៀបចំកម្មវិធីនេះនៅខែមិថុនាឬខែកក្កដាក្នុងឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹងថា “វាពិតជាមានការលំបាកក្នុងការសន្មតថា មហោស្រព De Cannes អាចត្រូវបានរៀបចំឡើងនៅឆ្នាំនេះជាទម្រង់ដើម”។
មហោស្រពដ៏មានកិត្យានុភាពនេះគ្រោងនឹងធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសបារាំងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា។ ឧស្សាហកម្មភាពយន្តកំពុងរំពឹងកាន់តែខ្លាំងឡើងថាកម្មវិធីមហោស្រពភាពយន្តកានដែលជាមហោស្រពភាពយន្តនិងទីផ្សារភាពយន្តធំបំផុតរបស់ពិភពលោកនឹងត្រូវលុបចោល។ ប៉ុន្តែខាងមហោស្រពនៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននៅតែកំពុងពិនិត្យមើលវិធីផ្សេងទៀតតាមដែលអាចធ្វើឲ្យកម្មវិធីនេះកើតឡើងបាន៕