សារព័ត៌មាន VTC News នៅព្រឹកថ្ងៃ ទី១៦ ខែមេសា បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអ៊ីតាលី បានធ្លាក់ចុះទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេល១ខែកន្លងមកនេះ។ នេះជាព័ត៌មានដ៏ល្អបំផុត សម្រាប់ពលរដ្ឋអ៊ីតាលី ក្រោយពេលជាច្រើនសប្តាហ៍ប្រឈមនឹងការឆ្លង ហើយស្លាប់ ដោយសារកូវីដ១៩ មានចំនួនច្រើន។
មន្ត្រីសុខាភិបាលអ៊ីតាលី បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោង គឺថ្ងៃទី១៥ ខែមេសា មានអ្នកឆ្លងថ្មី នៅទូទាំងប្រទេស មានតែ២៦៦៧នាក់ប៉ុណ្ណោះ។ នេះជាចំនួនដ៏ទាបដំបូងគេបំផុត មិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី១៣ ខែមីនា រហូតមកទល់នឹងពេលនេះ។
បើគិតមកដល់ព្រឹក ថ្ងៃទី១៦ ខែមេសា នៅក្នុងប្រទេសអ៊ីតាលី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១៦៥ពាន់នាក់ ក្នុងនោះស្លាប់ជាង២១ ៦០០នាក់។ ដោយឡែកអ្នកជំងឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ក៏បានធ្លាក់ចុះ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ដោយនៅសល់តែ៣១៨៦នាក់ប៉ុណ្ណោះ។ ពោល គឺតិចជាង១០០០នាក់ បើប្រៀបធៀបនឹងសប្ដាហ៍កន្លងមក។
ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ីតាលី បានពន្យារពេលដាក់ប្រទេស ក្នុងគ្រាអាន្ន រហូតដល់ថ្ងៃទី៣ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ឲ្យមានប្រសិទ្ធភាពបំផុត។ ថ្វីបើយ៉ាងនេះក្ដី នៅក្នុងតំបន់រងគ្រោះខ្លាំងជាងគេ គឺ Lombardy នឹងត្រូវបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ នៅថ្ងៃទី៤ ខែឧសភា ដោយសារស្ថានការណ៍ នឹងធូរស្រាលឡើងវិញ៕ ប្រែសម្រួលដោយ៖MEO