ស្ទើរតែគ្រប់គ្នាដែលទទួលស្គាល់ថា ការហាត់ប្រាណ និងតមអាហារនឹងធ្វើឱ្យអ្នកស្រកគីឡូយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែការពិត នារីសម័យថ្មីនេះអាចស្រកគីឡូតាមរយៈពេលគេងដែលងាយស្រួលទទួលបានរាងស្អាត ដោយមិនបាច់ពិបាកតមអាហារជ្រុលពេក ឬលេងកីឡាក៏បាន។ ខាងក្រោមនេះគឺជាគន្លឹះខ្លីៗដែលស្រីៗយើងគួរធ្វើជាប្រចាំមុនចូលគេង ហើយធានាថាការបានរាងស្លីមស្អាតនឹងលែងជាការលំបាកទៀតហើយ។
ញ៉ាំអាហារពេលយប់តិចតួច
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Pennsylvania របស់សហរដ្ឋអាមេរិកបានរកឃើញថា អ្នកដែលចង់ស្រកទម្ងន់គួរតែជៀសវាងការញ៉ាំអាហារច្រើនពេកនៅពេលល្ងាច។ ហេតុផលគឺថា ក្នុងពេលកំពុងគេង រាងកាយយើងត្រូវផលិតអរម៉ូនសម្រាប់ការលូតលាស់ ហើយបើញ៉ាំអាហារយប់ពេក អរម៉ូននេះនឹងចូលទៅដុតបំផ្លាញអាហារអស់ ហើយទុកតែជាតិខ្លាញ់ ជំនួសថាមពលប៉ុណ្ណោះ។
ជៀសវាងការផឹកជាតិអាល់កុល
វេជ្ជបណ្ឌិត Paolo M. Suter និង Angelo Tremblay បានឱ្យដំបូន្មានថា ការផឹកគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាល់កុលមុនចូលគេងនឹងបណ្ដាលរាងកាយត្រូវផ្ដោតតែលើការបម្លែងជាតិអាល់កុលទាំងនោះ។ វានឹងធ្វើឱ្យរាងកាយយើងមិនអាចសម្រាកបាន ហើយសមត្ថភាពនៃការដុតបំផ្លាញកាឡូរីដែលលើសក៏ត្រូវមានកំណត់ដែរ។ លោកបានណែនាំទៀតថា បើត្រឹមតែជិបស្រាក្រហមមួយកែវតូចគឺអត់បញ្ហាអីទេ តែគួរផឹកវា ហោចណាស់៣ម៉ោងមុនពេលគេងទើបល្អ។
កុំហាត់ប្រាណមុនចូលគេង
ទស្សនាវដ្ដី Sleep បានអះអាងថា ការធ្វើលំហាត់ប្រាណមុនពេលចូលគេង នឹងធ្វើឱ្យរាងកាយស្វាង គេងលែងលក់ ព្រោះតែរាងកាយបានធ្វើចលនា ហើយសរីរាង្គខាងក្នុងក៏ធ្វើចលនាដូចគ្នា។ ពេលវេលាដ៏ល្អសម្រាប់ការហាត់ប្រាណគឺនៅពេលព្រឹក ដើម្បីឱ្យស្វាង អារម្មណ៍ស្រស់ថ្លា ប៉ុន្តែក៏មានហេតុផលខ្លះដែលអ្នកអាចហាត់ប្រាណនៅពេលយប់ គឺអាចថាមុនចូលគេង៤ម៉ោង។
គួរគេងក្នុងបន្ទប់ដែលងងឹតឈឹង
សារព័ត៌មានផ្នែកស្រាវជ្រាវឈ្មោះថា Pineal បានលើកទឹកចិត្តឱ្យគ្រប់គ្នាគេងក្នុងបន្ទប់ដែលងងឹត មិនមានពន្លឺរំខាន ព្រោះវានឹងជួយឱ្យរាងកាយយើងបានផ្ចង់អារម្មណ៍ និងសម្រាកបានគ្រប់គ្រាន់ដើម្បីបង្កើនការផលិតអរម៉ូនដែលសម្រួលដល់ការគេង។ ជាមួយគ្នានេះដែរ អរម៉ូនមួយនេះនឹងជួយរាងកាយក្នុងការដុតបំផ្លាញកាឡូរីដែលលើសបានយ៉ាងល្អប្រសើរ។
គេងស្រាត
វាអាចជារឿងចម្លែក ឬគួរឱ្យអស់សំណើច ដែលត្រូវមកធ្វើតាមការណែនាំមួយនេះ។ ប៉ុន្តែអ្នកមិនដឹងទេថា ការគេងស្រាតមិនត្រឹមតែល្អសម្រាប់ស្បែក អាចការពារពីការរលាកស្បែកបាននោះទេ ប៉ុន្តែវាក៏អាចជួយឱ្យស្រកទម្ងន់បានផងដែរ។ ការគេងដោយគ្មានសម្លៀកបំពាក់នឹងធ្វើឱ្យរាងកាយត្រជាក់សាច់ ហើយការដែលសាច់ត្រជាក់បែបនេះនឹងជួយសម្រួលដល់ដំណើរការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយបានល្អ និងអាចផលិតជាតិខ្លាញ់ដែលល្អចំពោះរាងកាយបានផងដែរ។
កុំប្រើទូរសព្ទឬគ្រឿងអេឡិចត្រូនិចមុនពេលគេង
ចំណុចនេះប្រហែលមានអ្នកដឹងច្រើនមកហើយ។ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានសន្និដ្ឋានថា ពន្លឺពណ៌បៃតង ឬខៀវដែលចេញពីអេក្រង់ទូរសព្ទនឹងទៅបង្អាក់សមត្ថភាពផលិតអរម៉ូនដែលជំនួយដល់ការគេង។ ចំណែកការសិក្សាមួយទៀតរបស់ប្រទេសសិង្ហបុរីក៏បានរកឃើញដែរថា ការមើលទូរទស្សន៍មុនចូលគេងក៏នឹងចូលទៅកាត់បន្ថយសមត្ថភាពបំបែកជាតិខ្លាញ់ក្នុងរាងកាយបានដែរ។
ផឹកភេសជ្ជៈប្រភេទប្រូតេអ៊ីនក្រឡុកមុនចូលគេង
អ្នកជំនាញផ្នែកសុខភាពនៅវិទ្យាស្ថានជីវជាតិសាស្ត្រ នៃសាកលវិទ្យាល័យរដ្ឋ Florida បានអះអាងថា ការញ៉ាំភេសជ្ជៈប្រភេទប្រូតេអ៊ីនក្រឡុកចំណុះ ៣០ក្រាមមុនពេលគេង នឹងជួយដល់ការបង្កើតថាមពលដុតបំផ្លាញកាឡូរីក្នុងពេលរាងកាយកំពុងសម្រាក។ ជាមួយគ្នានេះដែរ ប្រូតេអ៊ីនក៏ជំនួយដល់សាច់ដុំផងដែរ ហើយកាលណាសាច់ដុំមានសុខភាពល្អ ការដុតជាតិខ្លាញ់ក៏ដើរបានល្អ ហើយរាងកាយក៏មិនធាត់ទៀតដែរ។