Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

១៣ចំណុចនៃសេចក្ដីប្រកាស​រួមរបស់មេដឹកនាំ​អាស៊ាន​បូក​បី ​

ភ្នំពេញ៖ សេចក្ដីប្រកាស​រួម​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បីពិសេស ​ស្ដីជំងឺកូ​វីដ​១៩ មាន​ទាំងអស់១៣​ចំណុច។ នេះបើតាមសេចក្ដីប្រកាស​រួម ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ស្ដី ពី​វីរុស​កូ​វីដ​១៩ កាលពីកាលពី​រសៀល​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២០​នេះ។

ចំណុចទាំង១៣នោះមានដូចខាងក្រោម

១ – លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជា​ទៀងទាត់​ដោយ​សេរី​ ​បើកចំហ​ និង​មាន​តម្លាភាព​ស្ដីពី​ស្ថានភាព​ជាក់ស្ដែង ​និង​វិធាន​ការដែល​បាន​អនុវត្ត​ដោយ​ប្រទេស​នីមួយៗ ចែករំលែក​បទ​ពិសោធន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ពង្រីក​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ទៅវិញទៅមក​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​តាមដាន​ការ​ចម្លង ក៏ដូចជា​ការ​ព្យាបាល​ផង​ដែរ​។​

២- ប្ដេជ្ញា​កសាង​សមត្ថភាព​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ និង​តំបន់​ ដើម្បី​ពង្រឹង​ការ​ត្រៀម​លក្ខណៈ និង​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត ការ​ការពារ​បុគ្គលិក សុខាភិបាល​ជួរមុខ​ និង​ធានា​ការ​ចែកចាយ ផ្គត់ផ្គង់​គ្រឿង​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ ​ជាពិសេស​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន និង​ឧបករណ៍​វេជ្ជសាស្ត្រ​នានា​ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលបំណង ​នៃ​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ងាយ​ស្រួល។

៣- ពិចារណា​រៀប​ចំ​ការ​បម្រុង​ទុក​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សំខាន់ៗ​របស់​អាស៊ាន​បូក​បី​ដែល​អាចជួយ​ឆ្លើយតប​យ៉ាង​រហ័ស​ចំពោះ​តម្រូវការ​បន្ទាន់។ លើកទឹកចិត្ត ការប្រើប្រាស់​កន្លែង​បម្រុង​បន្ទាន់​ក្នុង​តំបន់ ដែល​មាន​ស្រាប់ រួមមាន​ឃ្លាំង​ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ (AHA) និង​អង្ករ​បម្រុង​បន្ទាន់​របស់​អាស៊ាន​បូក​បី (APTEFR) សម្រាប់​តម្រូវ​ការ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ។​

៤- លើកទឹកចិត្ត​ការគាំទ្រ​ និង​ជួយ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​អាស៊ាន​បូក​បី ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​សុខាភិបាល​សាធារណៈ រួមមាន​ការ បណ្ដុះបណ្ដាល​បុគ្គលិក​សុខា​ភិបាល​សាធារណៈ ការ​ផ្តល់​អាហារូបករណ៍ និង​កម្មសិក្សា​សម្រាប់​និស្សិត​មកពី​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​សិក្សា​នៅ​សាលា​ពេទ្យ ​នៃ​ប្រទេស​បូក​បី​។

៥- ព្យាយាម​ធានា​ឲ្យ​បាន​នូវ​ការ​ផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាត និង​ការពារ​ប្រជាជន រួមទាំង​ស្វែងរក​លទ្ធភាព​ នៃ​ការ​បង្កើត​មូលនិធិ​ពិសេស​ដែល​អាចធ្វើ​ទៅបាន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ភាព​បន្ទាន់​ នៃ​សុខភាព​សាធារណៈ តាមរយៈ​ការ​ស្នើសុំ​មូលនិធិ​ នៃ​កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន​បូក​មួយ និង​មូលនិធិ​ នៃ​កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន​បូក​បី និង​ការ​គាំទ្រ​បន្ថែម​ពី​បណ្តា​ប្រទេស​បូក​បី​។​

៦-​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្តល់​ការគាំទ្រ និង​ជំនួយ​សមស្រប​ដល់​ប្រជាជន​ នៃ​បណ្តា​ប្រទេស​អាស៊ាន​បូក​បី ដែល​កំពុងស្នាក់នៅ​បំពេញការងារ និង​សិក្សា​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​បូក​បី ដោយ​ធានា​សុវត្ថិភាព និង​សមភាព​ចំពោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​។

៧-​ជំរុញ​បន្ថែម​ការលើកកម្ពស់​ទំ​នាក់​ទំនង​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ធានា​តម្លាភាព និង​ផ្តល់​ព័ត៌មាន​ជាក់លាក់​ដល់​សាធារណជន​។

៨- បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​ការ​បើក​ច្រក​ទីផ្សារ រក្សា​លំហូរ​ពាណិជ្ជកម្ម សេវាកម្ម និង​ការ​វិនិយោគ​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​រឹងមាំ​ធានា​ថា ការ​ចាត់​វិធានការ​បន្ទាន់​សម្រាប់​ការឆ្លើយតប​ចំពោះ​សុខភាព​សាធារណៈ​នឹង​ចំ​គោលដៅ​សមាមាត្រ ប្រកបដោយ​តម្លាភាព​ និង​មាន​លក្ខណៈ​ជា​បណ្ដោះអាសន្ន ព្រមទាំង​មិន​បង្កើត​របាំង ​មិនចាំបាច់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​បង្កើត​ការ​រំខាន​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ពិភពលោក​។

៩-​បញ្ជាក់​សាជាថ្មី​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ឆ្ពោះទៅរក​ផែនការ​ស្តារ​ឡើង​វិញ​ក្រោយ​ការ​រាតត្បាត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ស្តារ​កំណើន​ឡើងវិញ​ រក្សា​ស្ថិរភាព​ទីផ្សារ និង​ទប់ស្កាត់​ហានិភ័យ​ នៃ​វិបត្តិ​សេដ្ឋកិច្ច​។

១០-​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ផលិតកម្ម និង​ស្ថិរភាព​ផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​សំខាន់ៗ រួមបញ្ចូល​ទាំង​ការ​ផ្គត់ផ្គង់​សម្ភារៈ បរិក្ខារ​ពេទ្យ​សំខាន់ៗ​ ផលិតផល​កសិកម្ម ការ​តភ្ជាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទាំង​ក្នុង និង​ក្រៅ​តំបន់​។

១១- ប្ដេជ្ញា​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ អង្គការ​អន្តរជាតិ ​និង​សហគមន៍​អន្តរជាតិ​ដទៃទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​ស​កល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ​និង​បញ្ឈប់​ការ​រាតត្បាត ខណៈដែល​កំពុង​ដោះស្រាយ​នូវ​ផលវិបាក​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ជំងឺ​កូ​វីដ​-១៩ ការពារ​សុខុមាលភាព​របស់​ប្រជាជន​ និង​រក្សា​កំណើន​ប្រកបដោយ​ចីរភាព​។

១២- រក្សា​ការរួបរួម​គ្នា​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង​ត្រៀមលក្ខណៈ​ដើម្បី​ចាត់វិធានការ​ផ្សេង​ទៀត​តាម​តម្រូវការ​។​

១៣-​ណែនាំ​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​ធ្វើជា​អង្គភាព​សម្របសម្រួល​ស្នូល​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី ដើម្បី​តាមដាន​ការអនុវត្ត ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ចព្រមព្រៀង​នានា ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​នេះ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9136392