នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមេសា (ម៉ោងក្នុងតំបន់) ទីតាំងបោះឆ្នោត ទាំង១៤ ៣៣០កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានបើកទ្វារស្វាគមន៍ពលរដ្ឋ ចូលមកបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី២១ ក្នុងបរិបទ នៃប្រទេសទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង (NEC) បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត មានរហូតដល់ទៅ៤៤លាននាក់ ហើយលទ្ធផលបោះឆ្នោត នឹងត្រូវប្រកាសនៅព្រឹក ថ្ងៃទី១៦ ខែមេសា។
បើគិតដល់វេលាម៉ោង៩ព្រឹក ត្រូវនឹង «ម៉ោង១១ម៉ោង នៅកម្ពុជា» មានពលរដ្ឋប្រមាណ៣,៥៤លាននាក់បានបោះឆ្នោតរួចរាល់ ។ បើតាម NEC បានឲ្យដឹងថា ចំនួនពលរដ្ឋទៅបោះឆ្នោត នាពេលនេះ មិនរាប់បញ្ចូលទាំងអ្នកទៅបោះឆ្នោត មុនពេលកំណត់នោះឡើយ។ការបោះឆ្នោតមុនកំណត់ បានធ្វើឡើង កាលពីថ្ងៃទី១០ និង១១ ខែមេសា កន្លងមក ដោយមានពលរដ្ឋទៅបោះឆ្នោត រហូតដល់ទៅ២៦,៦៩ភាគរយ។
ក្នុងចំណោមកៅអីទាំង៣០០ នៅក្នុងសភា ក្នុងនោះមាន២៥៣កៅអី បោះផ្ទាល់។ ចំណែក៤៧កៅអីទៀត គិតទៅតាមចំនួនសន្លឹកឆ្នោតគាំទ្ររបស់បេក្ខភាពនីមួយៗ។ ការបោះឆ្នោតលើកនេះដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២០។
បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ថ្មី តែ២៧នាក់ប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះ កើនឡើងដល់ជាង១០៥០០នាក់។ នេះជាការឆ្លងទាបបំផុត ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ដោយមានអ្នកឆ្លងតិចជាង៣០នាក់ ក្នុងមួយថ្ងៃ៕ប្រែសម្រួលដោយ៖MEO