ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានណែនាំរដ្ឋបាលរបស់លោក ឱ្យបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ។ នេះបើតាមប្រភពប៊ីប៊ីស៊ី ផ្សាយ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
លោកបានថ្លែងថា អង្គការសុខភាពពិភពលោក “បានបរាជ័យក្នុងកាតព្វកិច្ចជាមូលដ្ឋាន” ក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើង នៃវីរុស COVID-19 នេះ ។
លោកបានចោទប្រកាន់ស្ថាប័ន WHO ពីបទអនុវត្តមិនបានត្រឹមត្រូវ និងបិទបាំងការរីករាលដាល នៃមេរោគ បន្ទាប់ពីវាបានលេចឡើង នៅក្នុងប្រទេសចិន ហើយបានថ្លែងថា អង្គការ WHO គឺជាអ្នកត្រូវតែទទួលខុសត្រូវ ។
កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់អង្គការសុខភាពពិភពលោកថា មានភាពលម្អៀងទៅរកប្រទេសចិនផងដែរ ។
ប្រធានាធិបតីអាមេរិកផ្ទាល់ នៅសហរដ្ឋអាមេរិក បានរងការរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងរបស់គាត់ ចំពោះការផ្ទុះឡើង និងឆ្លងរាលដាល នៃវីរុស COVID-19 នៅលើទឹកដីអាមេរិក។ នៅអាមេរិក បើគិតមកត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ គឺ Wikipedia បានបញ្ជាក់ថា មានអ្នកឆ្លង ៦១២ ៣៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ២៥ ៩៤៩នាក់ ។ ប៉ុន្តែ៤៨ ០៣៦នាក់ បានជាសះស្បើយវិញ។
លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានថា «ខ្ញុំកំពុងដឹកនាំរដ្ឋបាលរបស់ខ្ញុំ បញ្ជាឱ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈការពិនិត្យឡើងវិញ ត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក អំពីការគ្រប់គ្រងមិនបានត្រឹមត្រូវ និងមិនគ្របដណ្តប់អំពីការរីករាលដាល នៃវីរុសនេះ»។
លោកបានបន្ថែមថា “អង្គការសុខភាពពិភពលោកបានបរាជ័យក្នុងកាតព្វកិច្ចមូលដ្ឋានរបស់ខ្លួន ហើយអង្គការនេះត្រូវតែទទួលខុសត្រូវ” ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតតែមួយរបស់អង្គការសុខភាពពិភពលោក ដោយផ្តល់ថវិកា ចំនួន ៤០០ លានដុល្លារអាមេរិក កាលពីឆ្នាំមុន។
លោកប្រធានាធិបតី បានថ្លែងថា “ជាមួយនឹងការផ្ទុះឡើង នៃវីរុស Covid-19 រាតត្បាត យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា តើសប្បុរសធម៌របស់អាមេរិក ត្រូវបានគេយកទៅប្រើប្រាស់បានល្អបំផុតដែរឬទេ?” ។
លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់អង្គការសុខភាពពិភពលោក ពីការមិនបានវាយតម្លៃត្រឹមត្រូវនូវការផ្ទុះឡើង នៃជំងឺ COVID-19នេះ នៅពេលដែលវីរុសបានលេចឡងជាលើកដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអង្គការសុខភាពពិភពលោក បានបំពេញការងាររបស់ខ្លួន នាំយកអ្នកជំនាញវេជ្ជសាស្ត្រចូលទៅកាន់ប្រទេសចិន ដើម្បីវាយតម្លៃអំពីស្ថានភាពជាក់ស្តែង នៅនឹងកន្លែង ម្ល៉េះការផ្ទុះឡើង នៃជំងឺនេះ អាចគ្រប់គ្រងបាន និងមិនបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើនបំផុតបែបនេះឡើយ” ។
លោកប្រធានាធិបតី បានបន្តថា “បញ្ហានេះអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងចៀសវាងការខូចខាតសេដ្ឋកិច្ច នៅទូទាំងពិភពលោក ។ ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោក សុខចិត្តទទួលយកការធានារបស់ចិន ដើម្បីប្រឈមនឹងគុណតម្លៃ និងការពារសកម្មភាពរបស់រដ្ឋាភិបាលចិន” ។
ទោះយ៉ាងណា នៅលើបណ្តាញសង្គម Tweet លោកប្រធានាធិបតី ត្រាំ បានកោតសរសើរចំពោះប្រទេសចិន ដែលបានខឹតខំយ៉ាងពេញសមត្ថភាព រហូតគ្រប់គ្រងការឆ្លងរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំរបស់ចិន។ ការងារគ្រប់យ៉ាងនឹងបានល្អប្រសើរ ។ ជាពិសេស ក្នុងនាមប្រជាជនអាមេរិក ខ្ញុំសូមអរគុណដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ៕ ប្រែសម្រួលដោយ៖ thach yat