កាលពីវេលាម៉ោង ១២និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តបុកគ្នាជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស ០២នាក់ ស្លាប់នៅត្រង់ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ុន វុន្ថា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទួលគគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មិនបានប្រុងប្រយ័ត្នក៏ត្រូវរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4890 បើកបរដោយឈ្មោះ ស៊ិន សំអុន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមន្ត្រីរាជការ តួនាទីអធិការរងស្រុករុក្ខគិរី ទទួលផ្នែកសេនាធិការ មកបុកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកដើមឈើបណ្តាលឱ្យកៀបជាប់ទៅមុខលែងរួច។
ភាគីជាអ្នកបើករថយន្តរងរបួសធ្ងន់ និងត្រូវស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងឫស្សី។ ចំណែកភាគីម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំដោះស្រាយគ្នានៅពេលក្រោយ រីឯសាកសពត្រូវបានធ្វើកោសល្យវិច័យប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ