នៅពេលបច្ចុប្បន្ននេះស្មាតហ្វូនត្រូវបានមនុស្សគ្រប់គ្រប់គ្នាចាត់ទុកថាជាសម្ភារមួយដែលសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះការលាងសម្អាតទូរស័ព្ទដៃឲ្យបានស្អាត វាជារឿងចាំបាច់ណាស់ព្រោះអ្នកតែងតែយកដៃទៅចាប់កាន់រាល់ពេលប្រើប្រាស់ម្តងៗ។ ទង្វើនេះហើយដែលអាចធ្វើឲ្យទូរស័ព្ទរបស់អ្នកក្លាយជាកន្លែងផ្ទុកមេរោគ និងបង្កបញ្ហាជាច្រើនមកកាន់អ្នក។ មិនត្រឹមតែប៉ុណ្ណោះក្នុងពេលនេះគឺកំពុងតែមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ ១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សទៀតបានយ៉ាងងាយ ដូច្នេះរាល់សម្ភារទាំងអស់ត្រូវតែសម្អាតឲ្យបានត្រឹមត្រូវផងដែរ។
រូបតំណាង
នៅពេលនិយាយអំពីវិធីសម្អាតទូរស័ព្ទដៃឲ្យបានត្រឹមត្រូវមនុស្សជាច្រើននឹងប្រើថ្នាំបាញ់សម្អាតទៅលើផ្ទៃទូរស័ព្ទដៃរបស់ខ្លួន ហើយប្រើក្រណាត់ស្អាតជូតវាតាមវិធីដែលខ្លួនធ្លាប់ធ្វើ។ តាមការពិតវិធីសម្អាតទូរស័ព្ទឲ្យបានត្រឹមត្រូវពិតជាមិនពិបាកទេ ដោយគ្រាន់តែធ្វើតាមវិធីដូចខាងក្រោមនេះ៖
– ដោះស្រោមការពារ និងបិទដំណើរការដោយជូតជាមួយកណាត់ microfiber ថ្នមៗពីខាងក្រៅទូរស័ព្ទជាមុន ដើម្បីកម្ចាត់ស្នាមប្រឡាក់ និងក្អែលដែលខាំជាប់ផ្ទៃទូរសព្ទ។ ការប្រើក្រណាត់ microfiber គឺជូតបានស្អាតជាងកន្សែង និងក្រដាសជូតមាត់ ព្រោះសរសៃក្រណាត់នេះអាចកម្ចាត់ភាពកខ្វក់ និងស្រូបយកជាតិខ្លាញ់បានល្អ។
រូបតំណាង
– គួរតែប្រើផលិតផលឲ្យបានត្រឹមត្រូវក្នុងការសម្លាប់មេរោគ ពោលគឺអាចប្រើប្រាស់តែនៅលើឧបករណ៍អេឡិចត្រូនិចប៉ុណ្ណោះ ពីព្រោះផលិតផលសម្លាប់មេរោគទាំងនេះអាចកម្ចាត់មេរោគដែលនៅសេសសល់បានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែជូតថ្នមៗលើបរិវេណផ្ទៃនៃទូរស័ព្ទដៃ។
– បន្ទាប់ពីជូតរួចរាល់ ទុកឱ្យទូរស័ព្ទស្ងួតជាមួយខ្យល់យ៉ាងហោចណាស់ 5 នាទីសឹមយកមកជូត។ គួរបញ្ជាក់ផងដែរថា គ្រប់ផលិតផលថ្នាំសម្លាប់មេរោគមានប្រសិទ្ធភាពបំផុតប្រសិនបើអ្នកទុកឱ្យគ្រឿងអេឡិចត្រូនិចស្ងួតជាមួយខ្យល់ធម្មតាយ៉ាងហោចណាស់ ១០ នាទីដោយមិនបាច់ជូតក៏បាន។
– បន្ទាប់មកគ្រាន់តែយកក្រណាត់ដែលមានផ្ទៃស្តើងស្អាតល្អមកជូតម្តងទៀតនូវសំណើមបន្តិចបន្តួចនៅលើផ្ទៃជាការស្រេច ដោយមិនចាំបាច់ប្រើប្រាស់ក្រណាត់ microfiber មកជូតក៏បានដែរ។
រូបតំណាង
– ដើម្បីជាការសន្សំសំចៃថវិកាអ្នកគួរតែលាងសម្អាតក្រណាត់ microfiber ជាមួយសាប៊ូបោកខោអាវ និងយកវាទៅហាលក្រោមពន្លឺព្រះអាទិត្យឲ្យបានស្ងួតល្អជាការស្រេច។
– ការជូតនៅលើស្រោមការពារគឺធ្វើដូចគ្នាទៅនឹងការជូតនៅលើទូរស័ព្ទអ៊ីចឹង ប្រសិនជាស្រោមការពារធ្វើពីផ្លាស្ទិចរឹង គួរប្រើតែទឹកសម្លាប់មេរោគលាងសម្អាត ប្រសិនជាមានផ្ទៃស្បែកវិញគួរតែចៀសវាងការប្រើសារធាតុសាប៊ូដែលមានជាតិកាត់ខ្លាំងមកសម្អាត។
មានវេជ្ជបណ្ឌិតឈ្មោះ Dan Allan ជាគ្រូពេទ្យវេជ្ជសាស្ត្រម្នាក់បានណែនាំថា បើជាអាចអ្នកគួរតែសម្អាតទូរស័ព្ទជារៀងរាល់ថ្ងៃ និងបន្ទាប់ពីប្រើប្រាស់រួច ឬមានអារម្មណ៍ថាវាកខ្វក់។ លោកក៏បានបន្ថែមទៀតក្នុងពេលបច្ចុប្បន្ននេះមិនត្រឹមតែទូរស័ព្ទទេ សូម្បីតែប្រដាប់ប្រដាដូចជា កូនសោទ្វារ ដៃទូរទឹកកក តេឡេបញ្ជាផ្សេងៗ និងដៃជណ្តើរ ក៏ត្រូវសម្អាតជាប្រចាំផងដែរ។
រូបតំណាង
ការសម្អាតទូរស័ព្ទរបស់អ្នកឱ្យបានទៀងទាត់ទោះបីអ្នកមើលមិនឃើញស្នាមកខ្វក់ក៏ដោយ ត្រូវចាត់ទុកជារឿងមួយដែលអ្នកគួរតែធ្វើ ពីព្រោះក្នុងមួយថ្ងៃៗដៃរបស់អ្នកមិនដឹងថាចាប់កាន់វត្ថុអ្វីខ្លះ និងមិនដឹងថាយកទូរស័ព្ទនេះដាក់នៅលើផ្ទៃដែលអាចឆ្លងមេរោគ និងមានវីរុសអ្វីខ្លះនោះទេ។ ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិតណែនាំឲ្យសម្អាតជាប្រចាំបែបនេះ៕
ប្រែសម្រួលដោយ៖ Seyha