កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័ធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសជាសាធារណៈថា នៅទីកន្លែងណាដែលមានការប្រមូលផ្តុំលេងល្បែងស៊ីសង ជាពិសេសល្បែងប្រជល់មាន់នៅក្នុងក្រុង និងស្រុកទាំង៨ នៃខេត្ត នឹងត្រូវចុះបង្ក្រាបឱ្យខានតែបាន។
លោកឧត្តមសេនីយ៍ទោ ក៏ស្នើសុំចិត្តប្រជាពលរដ្ឋសូមជួយផ្តល់នូវដំណឹង និងរាយការណ៍មកកាន់សមត្ថកិច្ចដែលនៅជិតទីតាំងបំផុត ដើម្បីឱ្យសមត្ថកិច្ចចុះទៅបង្ក្រាបបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរលោកឧត្តសេនីយ៍ទោ ក៏បានដាក់បទបញ្ជាដល់អធិការក្រុង ស្រុក និងមេប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទាំងអស់ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ ហើយប្រសិនបើមានមូលដ្ឋានណាមួយមានលេងល្បែងស៊ីសង តែមិនមានការចុះបង្ក្រាបនឹងត្រូវប្រឈមមុខជាមួយវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ៕ ដោយ ៖ សុង យូ