អាជ្ញាធរដឹកជញ្ជូនធន់ធ្ងន់ប្រចាំទីក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទនេះថា អ្នកបើកបររថយន្តក្រុងសាធារណៈជាស្ត្រីមា្នក់ បានស្លាប់ដោយសារតែជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះ មតិរិះគន់ជាច្រើនបានធ្លាក់មកលើស្ថាប័នមួយនេះផងដែរ ថាបានព្យាយាមលាក់បាំងព័ត៌មានពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមរថយន្តក្រុងសាធារណៈពីការឆ្លងជំងឺកូវីដ ១៩។
កាលពីថ្ងៃចន្ទនេះ លោក Surachai Iamwachirasakul ប្រធានអាជ្ញាធរដឹកជញ្ជូនធន់ធ្ងន់ប្រចាំទីក្រុងបាកកក បាននិយាយថា អ្នកបើកបររថយន្តក្រុងសាធារណៈលើផ្លូវ១៤០ បានស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា នៅយប់ថ្ងៃអាទិត្យក្នុងមន្ទីរពេទ្យ Phra Pinklao។ គាត់ បានបើករថយន្តក្រុងលេខ៥-៩០០១៩ រវាងតំបន់ Samae Dam ក្នុងស្រុក Bang Khunthien និងវិមានឯករាជ្យ។ គាត់ បានមានអាការៈគ្រុនក្តៅខ្លាំងនៅថ្ងៃទី៣ ខែមេសា ហើយភ្លាមៗនោះ គាត់ត្រូវបានគេយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងឱ្យស្នាក់នៅផ្ទះ។ នៅថ្ងៃបន្ទាប់ (ថ្ងៃទី៤ ខែមេសា) គាត់ ត្រូវបានគេរកឃើញថាបានឆ្លងនូវជំងឺកូវីដ១៩ និងឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ Phra Pinklao។ លោក Surachai ក៏បានបន្ថែមទៀតថា ប្រសិនអ្នកដំណើរណាមួយដែលបានជិះរថយន្តក្រុងលេខ៥-៩០០១៩កាលពីថ្ងៃទី១ ខែមេសា មានចេញនូវអាការៈជំងឺកូវីដ ១៩ សូមមេត្តាទាក់ទងទៅវេជ្ជបណ្ឌិតភ្លាម។
រូបតំណាង
ដោយឡែក ក្លិបអ្នកបើកបររថយន្តក្រុងប្រចាំទីក្រុងបាងកកដែលតាមដានបញ្ហាខាងលើ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា អ្នកបើកបរនោះ ជាស្ត្រី និងធ្វើការនៅវេនព្រឹក។ ក្លិបនេះដដែល ក៏បានចោទជាសំណួរទៅកាន់អាជ្ញាធរដឹកជញ្ជូនធន់ធ្ងន់ប្រចាំទីក្រុងបាងកកផងដែរថា ហេតុអ្វីបានជាមិនបញ្ចេញព័ត៌មានអំពីអាការៈជំងឺរបស់នាង ជាសាធារណៈភ្លាមៗ បន្ទាប់ពីរកឃើញថានាងមានផ្ទុកជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា។ លោក Surachai បានឆ្លើយតបថា ភ្លាមៗបន្ទាប់ពីតេស្តរកឃើញថានាងបានឆ្លងវីរុសកូរ៉ូណា រថយន្តក្រុងរបស់នាង ត្រូវបានយកទៅសម្អាតសម្លាប់មេរោគ និងដកហូតទុកជាបណ្តោះអាសន្ន ហើយមនុស្សចំនួន ១៨នាក់ផ្សេងទៀត ដែលមានជាប់ទាក់ទងនឹងនាង ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ បច្ចុប្បន្ននេះ អ្នកទាំង១៨នាក់នោះ ពុំមានឃើញចេញរោគសញ្ញាជំងឺកូវីដ ១៩ណាមួយ គួរឱ្យកត់សម្គាល់នោះទេ។
រូបតំណាង
ទោះជាយ៉ាងក៏ដោយ អ្នកប្រើប្រាស់បណ្តាញសង្គម បានយល់ស្របជាមួយនឹងក្លិបអ្នកបើកបររថយន្តក្រុង ថាព័ត៌មានសំខាន់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩លើអ្នកបើកបររថយន្តក្រុងខាងលើ ពិតជាមិនត្រូវបានបញ្ចេញឱ្យសាធារណៈបានដឹងប្រាកដមែន។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Bangkok Post