បាល់ទាត់៖ ប្រធានផ្នែកច្បាប់នៃសមាគមបាល់ទាត់អន្តរជាតិ FIFA លោក Emilio Garcia Silvero បានបង្ហើបថា FIFA នឹងមិនបើកទ្វារដំណើរការទីផ្សារដោះដូរកីឡាករនាថ្ងៃទី១ ខែកក្កដានេះឡើយ ខណៈកីឡាករដែលផុតកិច្ចសន្យានៅតែមានការជ្រោមជ្រែង ឱ្យបញ្ចប់រដូវកាលដែលនៅសេសសល់ជាមួយក្លិបចាស់របស់គេដែរ។
គួរដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហានៃវិបត្តិ Covid-19 ដែលធ្វើឱ្យរដូវកាលបញ្ចប់បានត្រឹមថ្ងៃទី៣០ ខែមិថុនាព្រមទាំងការផុតកិច្ចសន្យារបស់កីឡាករ កំឡុងពេលដែលលីគគ្រោងដំណើរការបន្តនេះ បានក្លាយជាប្រធានបទក្តៅរបស់សារព័ត៌មានធំៗជាច្រើនទូទាំងពិភពលោក។ ប៉ុន្តែយ៉ាងណាមិញលោក Garcia Silvero បានលើកឡើងថា ទោះបីជាបច្ចុប្បន្នមិនទាន់មានគោលការណ៍ ដែលអាចនាំឱ្យឈានដល់ការបន្តកិច្ចសន្យាថ្មី ដោយស្វ័យប្រវត្តិ ប៉ុន្តែ FIFA នឹងមិនបើកឱ្យមានការចុះឈ្មោះនាំយកីឡាករថ្មីឡើយនៅពេលនេះ ពោលគឺកីឡាករដែលផុតកិច្ចសន្យានឹងនៅតែបន្តចូលរួម ជាមួយក្លិបចាស់របស់គេបន្តទៀត ប្រសិនបើសកម្មភាពលើទីលានអាចត្រឡប់មកវិញ៕