ការពាក់ម៉ាសនៅទីសាធារណៈ បានក្លាយជារឿងធម្មតាមួយ ក្នុងស្ថានភាពនៃការផ្ទុះឡើងនៃរីរុសកូរ៉ូណានេះ ។
ម៉ាសជួយការពារអ្នកពីការឆ្លងជំងឺដង្ហើមផ្សេងៗ ជាពិសេសជំងឺកូរ៉ូណា ប៉ុន្តែប្រសិនបើអ្នកពាក់យូរពេក វានឹងបង្កឲ្យមានបញ្ហាស្បែក ដូចជាឡើងមុន រោលមុខ និងរលាត់ស្បែក ។
អ្នកស្រីវេជ្ជបណ្ឌិត Liu Jie ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត រោគសើស្បែក នៅ មហាវិទ្យាល័យវេជ្ជសាស្ត្រ ប៉េងឃីង បានប្រាប់ពីវិធីសាស្រ្តមួយចំនួន ក្នុងការការពារស្បែករបស់អ្នក ។
អ្នកស្រី បានស្នើសុំឲ្យអ្នកទាំងអស់គ្នា ផ្លាស់ប្តូរការពាក់ម៉ាសពី ២ម៉ោង ទៅ៣ ម៉ោង ម្តងក្នុងការប្រើប្រាស់វា ។ ការពាក់ម៉ាស់យូរអាចធ្វើមានបញ្ហាស្បែក និងនៅជុំវិញ ច្រមុះ ថ្ពាល់ និងខាងក្រោយត្រចៀករបស់យើង ។
ប្រសិនបើអ្នកមានបញ្ហាប្រតិកម្មនៅលើស្បែក មុននឹងប្រើប្រាស់ម៉ាស គួរតែអានការណែនាំជាមុនសិន ចៀសវាងមានបញ្ហាណាមួយកើតឡើងនៅស្បែករបស់អ្នក ។
អ្នកស្រីវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យអ្នកទាំងអស់គ្នា ជ្រើសរើសយកម៉ាសប្រភេទមានខ្សែចង ព្រោះវាមិនធ្វើឲ្យយើងងាយស្រួលក្នុងការកំណត់ ទំហំនៃមុខរបស់យើង កុំឲ្យវាតឹងពេក នៅពេលយើងពាក់វានៅលើមុខ ។
ឪពុកម្តាយទាំងឡាយក៏គួរតែជ្រើសរើសយកម៉ាសណា ដែលមានទំហំត្រូវនឹងមុខរបស់កូនៗ ពួកគេផងដែរ ។
ប្រសិនបើអ្នកមានបញ្ហាស្បែក ដែលបង្កដោយការពាក់ម៉ាស អ្នកគួរតែប្រើ ក្រែម (Cream) ដែលមានផ្ទុកសារធាតុ Mucopolysaccharide Polysulfate ដែលហៅកាត់ថា (MPS) ដែលអាចជួយបន្ធូរបន្ថយ ស្ថានភាពនេះបាន ហើយអ្នកក៏អាចប្រើប្រាស់ប្រភេទថ្នាំ Neosporin ដើម្បីកាត់បន្ថយការហើម ឬដំបៅនៅលើស្បែក ដែលបណ្តាលមកពីការពាក់ម៉ាស ។
ចំពោះអ្នកដែលមានស្បែកស្លេក និងមានស្នាមជ្រីវជ្រួញ គឺជាបញ្ហាចម្បងមួយ ដូច្នេះអ្នកអាចប្រើប្រាស់ ក្រែម (Cream) ដែលមានផ្ទុក Zinc oxide ឬ Vaseline ដែលអាចជួយកាត់បន្ថយបញ្ហាទាំងនោះបាន ។
បន្ទាប់ពីដោះម៉ាសចេញ ពីមុខរបស់អ្នក អ្នកគួរតែលាងសម្អាតផ្ទៃមុខរបស់អ្នក និងប្រើប្រាស់ផលិតផលថែរក្សាស្បែក ដែលផ្តល់សំណើមដល់ផ្ទៃមុខរបស់អ្នក ។ មួយវិញទៀត ប្រសិនបើមានអាការៈប្រតិកម្មធ្ងន់ធ្ងរដល់ស្បែក ក្នុងអំឡុងពេលពាក់ម៉ាស អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ៕ ប្រែសម្រួលដោយ ៖ ម៉ារីណា