Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្ថបទ​វិភាគ៖ ចំណង​មិត្តភាព​ដែក​ថែប កម្ពុជា-ចិន ក្នុង​សម័យកាល​កូវីដ ១៩

– ស្ថានការណ៍​នាំ​ឲ្យ​ចិន ស្គាល់​កាន់​តែ​ច្បាស់ នរណា​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្លួន?

យើង​សង្កេត​ឃើញថា ចំណង​មិត្ត​ភាព​រវាង​ប្រទេស​កម្ពុជា និង​ចិន ហាក់​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​អំឡុង​ពេល​ស្ថានភាព​ការ​រាតត្បាត​វីរុស​កូវីដ ១៩ នៅ​ជុំ​វិញ​ពិភពលោក​កំពុង​តែ​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​នៅ​ក្នុង​ចំណង​មិត្ត​ភាព ដែល​យើង​និយម​ហៅ​ថា ចំណង​មិត្ត​ភាព​ដែក​ថែប កម្ពុជា-ចិន បែរ​ជា​កំពុង​តែ​រឹង​មាំ​ខ្លាំង ដោយ​សារ​កម្ពុជា បាន​ធ្វើ​រឿង​ដ៏អស្ចារ្យ​ជាច្រើន​ទាំង​សម្រាប់​ប្រទេស​ជា​មិត្ត​របស់​ខ្លួន ក៏​ដូច​ជា​សម្រាប់​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើ​ឲ្យ​ពិភពលោក ពិសេស​មិត្ត​ចិន របស់​កម្ពុជា មើល​ឃើញ​កាន់​តែ​ច្បាស់​ថា កម្ពុជា ជាប្រទេស​តូច​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​មាន​ចំណុច​ល្អ​បំផុត គឺ​ក្លាហាន រឹងមាំ និង​មាន​គុណ​ធម៌។

និយាយ​ឲ្យ​ចំ​ទៅ​ចុះ ក្នុង​កាលៈទេសៈ​ក៏​ពិបាក​នេះ កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ អាច​និយាយ​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​ប្រទេស​ក្រក្រី ពិត​ជា​ត្រូវ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ប្រទេស​ជា​មិត្ត​របស់​ខ្លួន ដើម្បី​ទប់​ស្កាត់​ស្ថានការណ៍​រាតត្បាត​នៃ​ជំងឺ​ប្រល័យ​លោក​មួយ​នេះ ព្រោះ​ថា អំឡុង​ពេល​នេះ យើង​សុទ្ធ​តែ​ឃើញ​ស្រាប់ សូម្បី​តែ​មហា​អំណាច ដូច​ជា សហរដ្ឋ​អាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ និង​ចក្រភពអង់គ្លេស មិន​អាច​សូម្បី​តែ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ យ៉ាង​ណា យ៉ាង​ណា កម្ពុជា​ពេល​នេះ ក៏​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​វីរុស​កូវីដ ១៩ ក្នុង​ប្រទេស​ខ្លួន​រួច​រាល់​ហើយ​ដែរ។

និយាយ​បកក្រោយ​បន្តិច ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ អំឡុង​ខែធ្នូ ឆ្នាំ២០១៩ មក ប្រទេស​ចិន ដែល​ជា​មហាមិត្ត​របស់​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ជា​ប្រទេស​រង​គ្រោះ​ដំបូង​គេបង្អស់ និង​ធ្ងន់ធ្ងរ​បំផុត​អំឡុង​ពេល​នោះ ដោយ​ត្រឹម​រយៈ​ពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ ពលរដ្ឋ​ចិន រាប់​ម៉ឺន​នាក់ ធ្លាក់​ខ្លួន​ឈឺ​ជំងឺកូវីដ ១៩ ដែលកាល​នោះ​យើង​ហៅ​ថា​ជំងឺផ្លួវដង្ហើម​ថ្មី ឬកូរ៉ូណា​ថ្មី ខណៈ​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ស្លាប់​ជាបន្ត​បន្ទាប់ នាំ​ឲ្យ​រដ្ឋាភិបាល​ចិន បង្ខំ​ចិត្ត​បិទ​ក្រុង​អ៊ូហាន ដែលមាន​ពលរដ្ឋ​សរុប​ជាង ១១លាន ដាក់​ឲ្យ​នៅ​ឯកោ​រយៈ​ពេលជាង ២ខែ។ ទីក្រុង​ធ្លាប់​តែ​មមាញឹក អ៊ូអរ ទាំង​ថ្ងៃ​ទាំង​យប់ បែរ​ជា​ស្ងប់ស្ងាត់​ដូច​ជា​ទី​ក្រុងខ្មោច ខណៈ​ពលរដ្ឋ​ត្រូវ​សម្ងំ​នៅ​ផ្ទះ មិនអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ ដើរហើរ ឬ​ជួប​ជុំ​នោះ​ឡើយ ស្រប​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក កំពុង​តែ​សប្បាយ​ក្អាក​ក្អាយ​នឹង​ជីវិត​បែប​ស៊ីវីល័យ​របស់​ខ្លួន ភ្លេច​ការពារ មើល​ងាយ​ស្ថានការណ៍ នាំ​ឲ្យ​កើត​មានមហន្តរាយ​ឆ្លង​រាតត្បាត​ដល់​ថ្ងៃ​នេះ។

ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ចិន ត្រូវ​គេ​មើល​ឃើញ​ថា លែង​មាន​សុវត្ថិភាព​នោះ បណ្តា​ប្រទេស​ជា​ច្រើន បាន​ចាប់​ផ្តើម​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ព្យាយាម​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ដូច​ជាការ​បិទ​ព្រំ​ដែន ជម្លៀស​ពលរដ្ឋ​ខ្លួន និង​បិទ​ជើង​ហោះ​ហើរ​ពី​ចិន​ទាំង​អស់ សំដៅ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ជំងឺ​នេះ ឆ្លង​រាល​ដាល​ចូល​ក្នុង​ប្រទេស​ខ្លួន ប៉ុន្តែ​អំឡុង​ពេល​នោះ​ដូច​គ្នា មាន​តែ​កម្ពុជា​តែមួយ​គត់ ដែល​បាន​ធ្វើ​រឿង​ដ៏អស្ចារ្យ​ឲ្យ​ពលរដ្ឋ​ចិន ជាង ១៤០០​លាន​នាក់​បាន​ឃើញ។

– ការសម្រេច​ចិត្ត​ដ៏ឈ្លាសវៃ​នៃ​មេដឹកនាំកម្ពុជា

ប៉ុន្តែ​ស្រប​ពេល​ដែល​ពិភព​លោក ចាត់​ទុក​ប្រទេស​ចិន ជា​កន្លែង​គ្រោះ​ថ្នាក់ ស្រាប់​តែ​មេដឹកនាំ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ និង​ក្រី​ក្រ គឺកម្ពុជា យើង​នេះ​ឯង ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋ​មន្ត្រី បាន​សម្រេច​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ទៅ​កាន់​រដ្ឋ​ធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​លើក​ទឹក​ចិត្តដល់​ពលរដ្ឋ​ចិន និង​សិស្ស​និសិត្យ​កម្ពុជា ដែល​កំពុង​បំពេញ​ការ​សិក្សា​នៅ​ទី​នោះ ដោយ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នូវ​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​កម្ពុជា អំឡុង​ពេល​ចិន ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​បំផុត ក៏​អាច​បង្ហាញ​ពលរដ្ឋ​ចិន​ជាង ១៤០០នាក់ ពី​មិត្ត​ភាព​ពិត​ប្រាកដ​របស់​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន ជា​មហាមិត្ត​របស់​ខ្លួន មិន​បោះ​បង់​ចិន ក្នុង​គ្រា​លំបាក​នោះ​ឡើយ។

– ប្រទេស​តូច តែមានគុណធម៌ និង​មនុស្ស​ធម៌

និយាយ​ដល់​ចំណុច​នេះ គួរ​តែ​លើក​ឡើង​នៅ​ចំណុច​ស៊ី​គ្នា​មួយ​ទៀត ពាក់​ព័ន្ធ​ការ​សម្រេច​ចិត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចាំ​បាន រឿង​នាវា​ទេសចរ​យក្ស Westerndam ក្រោយ​ចាក​ចេញ​ពី​កំពង់​ផែ​ក្រុង​ហុងកុង បាន​ជាប់​គាំង​លើ​ផ្ទៃ​សមុទ្រ​ជាច្រើន​ថ្ងៃ ដោយ​សារ​បណ្តា​ប្រទស​ជា​ច្រើន បដិសេធ​មិន​ព្រម​ឲ្យ​ចូល​ចត​នោះ ស្ទើរ​តែ​នាំ​ឲ្យ​អ្នក​ដំណើរ និង​នាវិក​សរុប​ជាង ២០០០​នាក់ ស្លាប់​ដោយ​សារ​ដាច់​ពោះ​លើ​ផ្ទៃ​សមុទ្រ​ទៅ​ហើយ។

ប៉ុន្តែ​ដូច​ទៅ​នឹង​អ្វី​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង កម្ពុជា​ជា​ប្រទេស​តូច ក្រី​ក្រ តែ​ចិត្ត​ធំ និង​មាន​មនុស្ស​ធម៌ នាំ​ឲ្យ​សម្តេច​សម្រេច​អនុញ្ញាត​ឲ្យ​នាវា Westerndam ចូល​ចត​នៅ​ឯកំពុង​ផែ​ខេត្ត​ព្រះ​សីហនុ របស់​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី ១៣ កុម្ភៈ ដោយ​សកម្ម​ភាព​មនុស្ស​ធម៌​នេះ បាន​ជួយ​ជីវិត​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជាង ១ពាន់​នាក់ អាច​មាន​ឱកាស​ត្រឡប់​ទៅ​ប្រទេស​កំណើត​ជួប​ជុំ​សាច់​ញាតិ​វិញ ខណៈ​សកម្មភាព​មនុស្ស​ធម៌​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ពិភពលោក ស្ងើច​សរសើរ​កម្ពុជា ជា​ប្រទេស​មាន​គុណធម៌ និង​មនុស្ស​ធម៌ ដូច​អ្វី​ដែល​សម្តេច​តេជោ ហ៊ុន សែន ចម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានីប៉េកាំង កាល​ពី​ថ្ងៃ ៥ កុម្ភៈ ដូច្នោះ​ដែរ។

– លទ្ធផល​វិជ្ជមាន​កម្ពុជា​​មិន​ធ្លាប់​រំពឹង​ទុក

ក្រឡេក​ទៅ​មើល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ឯណោះ​វិញ ជា​លទ្ធផល​មិន​ត្រឹម​តែ​អាច​ពង្រឹង​មិត្ត​ភាព សាមគ្គីភាព និងស្មារតី​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ វា​ក៏​សបញ្ជាក់​ច្បាស់ ពី​ការ​បង្រួប​បង្រួម​មិត្តភាព សាមគ្គី​ភាព ដ៏អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជា​ជន​ប្រទេស​ទាំង​ពីរ ហើយ​ជា​ការ​ឆ្លើយ​តប​នូវ​ទឹក​ចិត្ត​ស្មោះ​ត្រង់​ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា រដ្ឋាភិបាល ក៏​ដូច​ជា​ពលរដ្ឋ​ចិន ក៏​បាន​សន្យា​ជួយ​កម្ពុជា ឆ្លង​កាត់​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាតត្បាត​វីរុស​កូវីដ ១៩ ដូចគ្នា ដោយ​ពលរដ្ឋ​ចិន បាន​ប្រកាស​ចាត់​ទុក សម្តេច​តេជោ ហ៊ុន សែន គឺជា​វិរបុរស​ថែម​ទៀត​ផង។

ជាក់​ស្តែង ក្រោយ​ប្រទេស​ចិន អាច​គ្រប់​គ្រង​ស្ថានការណ៍​ពី​ការ​រាតត្បារត​វីរុស​កូវីស ១៩ ជោគជ័យ​ស្ទើរ​ទាំង​ស្រុង​ហើយ​នោះ ចិន ក៏​មិន​បាន​ភ្លេច​ការ​សន្យា​របស់​ខ្លួន​សម្រាប់​ទឹក​ចិត្ត​កម្ពុជា​នោះ​ដែរ ដោយ​ជំនួយ​បរិក្ខាវេជ្ជសាស្ដ្រ​ជាបន្ត​បន្ទាប់​ត្រូវ​គេ​បញ្ជូន​មក​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ទប់​ស្តាត់​វីរុស​កូវីដ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

– ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល និងពលរដ្ឋចិន

យើង​កត់សម្គាល់​ឃើញ​ទៀត​ថា អំឡុង​ពេល​ប្រទេស​ចិន ហាក់​ធូរស្រាល​បន្តិច​ពី​ការ​រាតត្បាត​ក្នុង​ប្រទេស ការ​ផ្ទុះ​រាតត្បាត​ជុំ​វិញ​ពិភពលោក ក៏​លេច​រួបរាង គួរ​ឲ្យ​តក់ស្លុត ហើយ​ខណៈ​ពេល​នោះ​ដែរ កម្ពុជា គឺ​ជាប្រទេស​ដំបូង​គេបង្អស់​លើ​ពិភពលោក ដែល​រដ្ឋាភិបាល​ចិន បញ្ជូនក្រុម​គ្រូពេទ្យ​ជំនាញ មក​ជួយ​ប្រឹក្សា និង​ផ្តល់​យុទ្ធ​សាស្ត្រ​ដើម្បី​ទប់​ស្កាត់​វីរុសកូវីដ ១៩ ដោយ​ថែម​ទាំង​ពាំនាំ​នូវ​ពាក្យ​ស្លោក “ស្រលាញ់​គ្នា​ក្នុង​គ្រា​ក្រ ស្គាល់មិត្ត​ល្អ​ក្នុង​គ្រា​លំបាក” ដោយ​ពាក្យ​ស្លោក​នេះ គឺ​បង្ហាញ​ច្បាស់​ពី​ឆន្ទៈ​របស់​ចិន ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩ ប្រកប​ដោយ​ជោគជ័យ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ចិន ប្រកាស​ម្តង​ហើយ​ម្តងទៀត នឹង​បន្ត​ផ្តល់​ជំនួយ​មក​កម្ពុជា ដើម្បី​ធានា​ថា កម្ពុជា នឹង​ជោគជ័យ​ទាំង​ស្រុង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។

ក្រៅ​ពី​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពីរដ្ឋាភិបាល​ចិន ពលរដ្ឋ​ចិន​ជាច្រើន​រយ​លាន​នាក់ ក៏​បាន​សន្យា​ជួយ​កម្ពុជា​ដូច​គ្នា ក្នុង​នោះ​ជំនួយ​ពី​ពលរដ្ឋ ក៏​បាន​មក​ដល់​កម្ពុជា​ជាបន្ត​បន្ទាប់ ហើយ​ពួក​គេ​ថែម​ទាំង​សន្យា នៅ​ពេល​ស្ថាន​ការណ៍​រាតត្បាត​វីរុស​កូវីដ ១៩ បញ្ចប់​ទៅ ពលរដ្ឋ​ចិន នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ តាម​រយៈ​សម្តី​ដែល​ថា ពលរដ្ឋ​ចិន​ទូទាំង​ប្រទេស បាន​ជំពាក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត របស់​កម្ពុជា​ម្នាក់​មួយ​សន្លឹក។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​ចិន មាន​ន័យ​ថា ក្រោយ​ស្ថានភាព​ជំងឺ​កូវីដ ១៩ បញ្ចប់​ជា​ស្ថាពរ ពលរដ្ឋ​ចិន​ច្រើន​លាន​នាក់ នឹង​ធ្វើ​ដំណើរទេសចរ​មក​កម្ពុជា ដែល​វា​នឹង​ជួយ​ឲ្យ​វិស័យ​ទេសចរកម្ពុជា ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​​មហាសាល​ពី​ភ្ញៀវទេសចរ​ជន​ជាតិ​ចិន ជួយ​ពង្រឹង​ដល់​គ្រប់​វិស័យ​​សេដ្ឋកិច្ច​សំខាន់ៗ ទាំងម៉ាក្រូ និង​មីក្រូសេដ្ឋកិច្ច ក៏​ជា​ជំរុញ​អត្រាការ​ងារសម្រាប់​ពលរដ្ឋ​ខ្មែរ​រស់​ឡើង​វិញ​ថែម​ទៀត​ផង៕ ដោយ៖ សន សុភា

from: https://tnaot.com/km/m/detail/article/9133744