កូរ៉េខាងជើង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានបាញ់មីស៊ីល ធ្វើឲ្យគេសង្ស័យថា ជាមីស៊ីលផ្លោង រយៈចម្ងាយខ្លីជាច្រើនគ្រាប់ទៅកាន់សមុទ្រ។ នេះបើតាមប្រភពពីមន្ត្រីយោធារបស់កូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍របស់នាយអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បញ្ជាក់ថា «មីស៊ីលជាច្រើនគ្រាប់ បានបាញ់ចេញពីទីតាំង Munchon ស្ថិតនៅភាគខាងកើត នៃប្រទេស ដែលគេជឿថា ជាប្រភេទមីស៊ីលផ្លោង រយៈចម្ងាយខ្លី» ។
ការបាញ់សាកល្បងនេះ នៅមុនពេលដែលកូរ៉េខាងជើងរំ៉ឭកខួបទី១០៨ឆ្នាំ នាំថ្ងៃកំណើតរបស់ស្ថាបនិក លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន លោក គីម ជុងអ៊ុន ។
ការបាញ់សាកល្បងមីស៊ីលនេះផងដែរ បានកើតឡើង បន្ទាប់ពីកូរ៉េខាងត្បូងបោះឆ្នោតសភា ហើយចំពេលពិភពលោកទាំងមូល កំពុងតែផ្តោតយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃវីរុស COVID-19។ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានរួចផុតពីវីរុសឆ្លងរាតត្បាត តាំងពីដើមទីរហូតមក។
កូរ៉េខាងជើងតែងតែបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ក្នុងអំឡុងឆ្នាំចុងក្រោយនេះ ក្នុងនោះមានការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBMs ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ។
មីស៊ីលដែលបានបាញ់សាកល្បងចុងក្រោយបំផុតនេះ បានហោះពីលើសមុទ្រជប៉ុន ដែលស្គាល់ថា សមុទ្រខាងកើត មុនពេលវាធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។
កម្លាំងយោធាកូរ៉េខាងត្បូង បានអះអាងថា ខ្លួនកំពុងតាមដានសកម្មភាពនេះយ៉ាងយកចិត្តទុកដាក់បំផុត ៕ ប្រែសម្រួលដោយ៖ thach yat